ព័ត៌មានជាតិ

ទិវានៃក្តីស្រឡាញ់! “ស្រឡាញ់ពិត ថែជីវិតចាកពី​ មេរោគអេដស៍”

ភ្នំពេញ៖ ចំថ្ងៃទី១៤ កុម្ភៈ ដែលជា «ទិវានៃក្តីស្រឡាញ់» អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវដល់ពលរដ្ឋ ជាពិសេសយុវវ័យ កុំធ្វើសកម្មភាពអ្វី ដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ ខ្មែរយើង និងអាចប៉ះពាល់ដល់សុខភាព ផ្ទាល់ខ្លួនផងដែរ។ ដោយ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានដាក់ចេញនូវពាក្យស្លោកថា “ស្រឡាញ់ពិត ថែជីវិតចាកពី​ មេរោគអេដស៍”។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សង្កេតឃើញថា ជារៀងរាល់ឆ្នាំប្រជាពលរដ្ឋកម្ពុជាមួយចំនួន ជាពិសេសយុវវ័យ បាននិយមយក ថ្ងៃទី១៤ ខែកុម្ភៈជា “ទិវានៃក្តីស្រឡាញ់» និងយកថ្ងៃនេះបង្ហាញនូវ មនោសញ្ចេតនាសេចក្តីស្នេហា រហូតដល់អាចមានសកម្មភាពរួមភេទ ដែលប្រាសចាកនូវប្រពៃណី ទំនៀមទម្លាប់ ខ្មែរយើង និងអាចប៉ះពាល់ដល់សុខភាព ផ្ទាល់ខ្លួនផងដែរ។

អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសយុវជនទាំង អស់ថា មកដល់ពេលបច្ចុប្បន្ននេះ ការឆ្លងរីករាលដាលមេរោគអេដស៍ នៅកំពុងបន្តកើតមានក្នុងចំណោមក្រុម ប្រជាជនគន្លឹះ ជាពិសេសក្រុមយុវវ័យបុរសរួមភេទ ជាមួយបុរស។ តាមការប៉ាន់ប្រមាណនៅឆ្នាំ២០២៣នេះ អ្នកផ្ទុកមេរោគអេដស៍ មានចំនួនប្រមាណ៧៦០០០នាក់ អ្នកឆ្លងមេរោគអេដស៍ថ្មី មានប្រមាណ១៤០០នាក់ នៅក្នុងមួយឆ្នាំ ឬប្រមាណ៤នាក់នៅក្នុងមួយថ្ងៃ។ ក្នុងចំណោមអ្នកឆ្លងមេរោគអេដស៍ថ្មី ប្រមាណ៤២ភាគរយ គឺជាយុវវ័យដែលមានអាយុពី១៥-២៤ឆ្នាំ។

ក្នុងន័យនេះ អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ សូមស្នើក្មួយៗប្រើប្រាស់« ទិវានៃក្តីស្រឡាញ់” ទៅជាការស្រឡាញ់ខ្លួនឯង ស្រឡាញ់គ្រួសារ ស្រឡាញ់បងប្អូន ស្រឡាញ់ញាតិមិត្ត ស្រឡាញ់ប្រទេសជាតិ ស្រឡាញ់វប្បធម៌ ប្រពៃណី ដូនតាខ្មែរ ដ៏ផូរផង់របស់យើង៕

To Top