ព័ត៌មានជាតិ

សម្ដេចធិបតី ៖ រាជរដ្ឋាភិបាល នីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់ នូវស្មារតីនៃការកែទម្រង់ និងប្រកាន់ខ្ជាប់ អភិក្រមទាំង៥

ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងអះអាងថា រាជរដ្ឋាភិបាល នីតិកាលទី៧នេះ នឹងបន្តជ្រោងកាន់តែខ្ពស់ នូវស្មារតី នៃការកែទម្រង់ និងប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់) របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារ ។

នាឱកាសអញ្ជើញជាអធិបតី បិទកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីមានប្រសាសន៍ថា រយៈពេល២០ឆ្នាំកន្លងមក កម្ពុជាបានធ្វើដំណើរ ឆ្លងកំណាត់ផ្លូវដ៏វែងឆ្ងាយ នៃការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ។ ជាការពិតសមិទ្ធផលទាំងឡាយ នៃការកែទម្រង់នេះ មិនមែនទទួលបានមក ដោយងាយស្រួលនោះទេ ។ ជាសត្យានុម័ត, ទាំងក្នុងអតីតកាល, ទាំងក្នុងបច្ចុប្បន្នកាល និង តទៅអនាគតកាល, គ្មានកិច្ចការកែទម្រង់ណាមួយ ដែលងាយស្រួលនោះទេ ហើយក៏មិនមានសមិទ្ធផលណាមួយ នៃកិច្ចការកែទម្រង់ ដែលអាចសម្រេច បានមក ដោយគ្មានការបង់ថ្លៃនោះដែរ។

សម្ដេចធិបតីបន្ដថា កិច្ចការកែទម្រង់ដែលជោគជ័យ ត្រូវតែផ្អែកលើកត្តាសំខាន់៤ រួមមាន៖ ទី១. ត្រូវមានចក្ខុវិស័យច្បាស់លាស់ , ទី២. ត្រូវមានការប្តេជ្ញាចិត្តខ្ពស់ , ទី៣. ត្រូវមានការចូលរួមដោយស្មោះត្រង់ និងទី៤. ត្រូវមានការលះបង់។

សម្ដេចធិបតីមានប្រសាសន៍ថា «ឈរលើមូលនេះ ខ្ញុំសូមគូសបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលទី៧ នឹងបន្តជ្រោងកាន់តែខ្ពស់នូវស្មារតីនៃការកែទម្រង់ និងនៅតែប្រកាន់ខ្ជាប់នូវអភិក្រមទាំង៥ប្រការ របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី សម្រាប់ការបំពេញការងារដែលជាស្មារតីបុរេសកម្ម, ភ្ញាក់រលឹក និងម៉ឹងម៉ាត់ក្នុងការកែទម្រង់មុតស្រួច, ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយ ពោលគឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់»។

សម្ដេចធិបតី ក៏បានវាយតម្លៃខ្ពស់ ចំពោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងជា ប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបានដឹកនាំផ្ទាល់ និងជាប់លាប់តាំងពីដើមទី លើការងារនេះ ប្រកបដោយភាពជាអ្នកដឹកនាំ និង វិជ្ជាជីវៈខ្ពស់ សូមកោតសរសើរដោយស្មោះ ចំពោះថ្នាក់ដឹកនាំ និង មន្ត្រីរាជការទាំងអស់ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក៏ដូចជាគ្រប់ក្រសួង-ស្ថាប័ន ដែលបានចូលរួមអនុវត្តកម្មវិធី កែទម្រង់នេះ ប្រកបដោយភាពអត់ធ្មត់ និង ភាពជាម្ចាស់៕

To Top