ក្មេងឃ្វាលគោនិទានលេងថា ស្រុកយើងធ្វើស្រែពឹងមេឃ ឬភ្លេងអារក្សពេលមេឃមិនភ្លៀង។ ប្រទេសនេះហាក់មិនទាន់មានប្រព័ន្ធធារាសាស្ត្រស្រោចស្រពទឹកគ្រប់គ្រាន់ដើម្បីអាចជំរុញឱ្យពលរដ្ឋធ្វើស្រែប្រាំងលើកទី២ឬទី៣បានពេញលេញនៅឡើយទេ។ អាជ្ញាធរខេត្តមួយចំនួនបានចេញសេចក្តីប្រកាសហាមប្រាមមិនឱ្យពលរដ្ឋបន្តធ្វើស្រែថែមទៀតខណៈខ្វះខាតទឹក។ អ្នកជំនាញផ្នែកសេដ្ឋកិច្ចជំរុញឱ្យអាជ្ញាធរតាំងចិត្តដោះស្រាយបញ្ហា ប្រសើរជាងខ្លាចបញ្ហា។
សំនួរសួរថា តើគេអាចហាមមាន់មិនឱ្យរងាវនាម៉ោង៤ទាបភ្លឺបានដោយរបៀបណា? តើគួរហាមមាន់ឬគួរក្រោកពីដេកទៅធ្វើការ?
បញ្ហាកង្វះខាតទឹកសម្រាប់ស្រោចស្រពកសិកម្មនារដូវប្រាំងនេះបានជំរុញឱ្យក្រុមការងារនៃនាយកដ្ឋានធារាសាស្រ្តកសិកម្ម ក្រសួងធនធានទឹក និងឧតុនិយម រួមសហការជាមួយនឹងមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ឆ្នាំងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤បានចុះពិនិត្យមើលការងារអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវរដូវប្រាំងរបស់ប្រជាកសិករនៅឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងលើផ្ទៃដីស្រូវប្រាំងប្រមាណជាង៧០០ហិតា។ បើតាមក្រសួងធនធានទឹកកន្លងទៅ ស្រូវប្រាំងក្នុងតំបន់នេះធ្លាប់បានទទួលទឹកពីស្ទឹងជ្រៃបាក់ តែបច្ចុប្បន្នប្រភពទឹកពីស្ទឹងជ្រៃបាក់មិនអាចផ្គត់ផ្គង់នៅតំបន់នេះបានទេ។ ដោយសារតែផ្នែកខាងលើ រាល់ឆ្នាំមិនដែលធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សាទេ ទើបតែឆ្នាំនេះកសិករបានធ្វើស្រូវប្រាំងលើផ្ទៃដីស្រូវវស្សា។
រីឯនៅខេត្តតាកែវឯណោះវិញលោក អ៊ូច ភា អភិបាលខេត្ត បានដឹកនាំមន្ត្រីជំនាញចុះពិនិត្យមើលស្ថានភាពជាក់ស្ដែងស្ថានីយ៍បូមទឹកហ៊ុន សែន ទី៧ ស្ថិតនៅភូមិព្រៃស្វា ឃុំពត់សរ និងផ្ដល់ប្រេងម៉ាស៊ូត ៣០០លីត្រ ដើម្បីជួយបូមទឹកសង្រ្គោះដំណាំស្រូវប្រាំងលើកទី១របស់បងប្អូនប្រជាពលរដ្ឋលើផ្ទៃដីចំនួន៥១៧ហិកតានៅក្នុងឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ។ នាសឱកាសនោះដែរលោក អ៊ូច ភា បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសបងប្អូនប្រជាកសិករ ហើយសុំឱ្យបងប្អូនបង្កបង្កើនផលស្រូវរដូវប្រាំងតែមួយលើកនេះបានហើយ។ ប្រសិនបងប្អូននៅតែបង្កបង្កើនផលស្រូវរដូវប្រាំងលើកទីពីរ គឺអាជ្ញាធរមិនមានទឹកគ្រប់គ្រាន់សម្រាប់ជួយអន្តរាគមន៍ទៀតទេ។ ព្រោះកន្លងទៅអាជ្ញាធរខេត្ត ស្រុក ឃុំ ភូមិ បានជូនដំណឹងដល់បងប្អូនម្ដងហើយ ដោយសុំឱ្យបងប្អូនប្រជាកសិករផ្អាកការធ្វើស្រូវរដូវប្រាំងលើកទី២ ចាប់ពីខែកុម្ភៈដល់ខែឧសភា ឆ្នាំ២០២៤ គឺមិនមានប្រភពទឹកគ្រប់គ្រាន់។
សំនួរសួរថា បើអាជ្ញាធរនៅតែបន្តធ្វើបែបនេះតើសម្រាប់ឆ្នាំបន្តបន្ទាប់ទៀតអាចនឹងមានទឹកសម្រាប់ឱ្យពលរដ្ឋធ្វើកសិកម្មស្រូវប្រាំងបានទៀតទេ? បើគ្មានទឹក តើអាជ្ញាធរគួរមានយន្តការដោះស្រាយរបៀបណា?
ពលរដ្ឋខ្មែរនៅតាមតុកាហ្វេបានលើកឡើងថា បើអាជ្ញាធរបន្តគ្មានដំណោះស្រាយឱ្យមានទឹកគ្រប់គ្រាន់នៅក្នុងរដូវប្រាំងសម្រាប់ស្រោចស្រពស្រែប្រាំងទេ គេនឹងចោទពលរដ្ឋខ្មែរថា ជាមនុស្សខ្ជិល ដើរតែផឹកស្រា និងលេងល្បែងជាដើម ដោយសារតែទំនេរបន្ទាប់ពីធ្វើស្រែវស្សារួចរាល់បានដែរឬទេ? រដ្ឋាភិបាលកន្លងទៅបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រនិងគោលនយោបាយសំខាន់ៗ ដើម្បីលើកស្ទួយវិស័យកសិកម្ម។ យុទ្ធសាស្ត្រធ្វើយ៉ាងណាឱ្យជីវភាពរបស់ប្រជាពលរដ្ឋមានភាពធូរធារដោយសារវិស័យកសិកម្ម ប៉ុន្តែហាក់មិនសូវបានយកចិត្តទុកដាក់លើការស្តារ ជីកប្រឡាយ និងប្រព័ន្ធធារាសាស្ត្រផ្សេងទៀតឱ្យបានច្រើន ដើម្បីឱ្យមានទឹកគ្រប់គ្រាន់សម្រាប់ធ្វើស្រែបានគ្រប់រដូវកាលនោះទេ។ គេសង្កេតទៀតឃើញថា កន្លែងខ្លះមានប្រឡាយតែខ្វះទឹកនិងកន្លែងខ្លះទៀតមានប្រឡាយ ឬអូរនិងបឹង ប៉ុន្តែត្រូវបានលប់ឬទន្ទ្រានកាន់កាប់យកពីសំណាក់ប្រជាពលរដ្ឋខ្លួនឯង ឬអ្នកមានអំណាចបុណ្យស័ក្ដិមួយចំនួន បានបណ្តាលឱ្យខ្វះខាតប្រភពទឹក។ រីឯអាជ្ញាធរមូលដ្ឋានទៀតសោតដូចជាមិនសូវខ្វល់ខ្វាយក្នុងការទប់ស្កាត់ហាមឃាត់នោះទេ។
ពលរដ្ឋនៅតាមតុកាហ្វេបានកត់សម្គាល់ឃើញថា ពលរដ្ឋខ្មែរមិនមែនដូចគេចោទថា ជាពលរដ្ឋខ្ជិលនោះទេ។ ជាក់ស្តែងភស្តុតាងបានបង្ហាញឃើញស្រាប់ហើយនៅពេលស្រូវឡើងថ្លៃ ពលរដ្ឋខ្មែរខិតខំធ្វើស្រូវប្រាំងជាច្រើនរហូតដល់អាជ្ញាធរហាមមិនឱ្យធ្វើលើកទី២ និងទី៣ ទោះបីបើដឹងថាគ្មានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់ក៏ដោយ។ តើនេះជាកំហុសរបស់ពលរដ្ឋឬក៏ជាកំហុសរបស់អាជ្ញាធរ? ឬក៏ជាកំហុសប្រព័ន្ធធារាស្ត្រខ្លួនឯងដែលមិនចេះរក្សាទឹកសម្រាប់ស្រោចស្រពឱ្យបានគ្រប់គ្រាន់?
ឆ្លើយតបនឹងសំនួរនេះ លោក គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្សសភាកម្ពុជាលើកឡើងថា បញ្ហាខ្វះខាតទឹកសម្រាប់ផ្គត់ផ្គង់ ឬស្រោចស្រពស្រែប្រាំងរបស់ប្រជាពលរដ្ឋដែលកើតឡើងនៅពេលនេះ រដ្ឋាភិបាលគួរតែដោះស្រាយឱ្យទាន់ពេលវេលា។ ជាក់ស្តែង នៅស្រុកថ្មគោលនៃខេត្តបាត់ដំបងដែលមានបញ្ហាខ្វះខាតទឹកស្រោចស្រពស្រែប្រាំងដែរនោះ អាជ្ញាធរគួរតែប្រើប្រាស់ប្រឡាយទឹកដែលហូរធ្លាក់ចុះមកពីអាងទឹកកំពីងពួយ ដោយរដ្ឋាភិបាលគួរតែស្តារឡើងវិញដើម្បីបានទឹកឱ្យពលរដ្ឋប្រើប្រាស់ធ្វើស្រែប្រាំង។
លោក គី សេរីវឌ្ឍន៍ បន្តថា នៅពេលដែលមានការហាមពលរដ្ឋមិនឱ្យធ្វើស្រែប្រាំងនៅពេលនេះ មិនមែនជារឿងល្អ និងជាដំណោះស្រាយនោះទេ។ ជាមួយគ្នានោះ ការហាមពលរដ្ឋមិនឱ្យបូមទឹកចេញពីស្រះមេទឹកនៅក្នុងតំបន់ត្រីពង គឺជារឿងត្រឹមត្រូវហើយ ព្រោះជាកន្លែងត្រីពង និងជាតំបន់ការពារពូជត្រី។ តែយើងមិនអាចហាមប្រជាជនមិនឱ្យធ្វើស្រែ ហើយយើងក៏មិនអាចហាមប្រជាពលរដ្ឋទៅបូមទឹកដែលជាមេទឹកសម្រាប់ត្រីពងនោះដែរ។ ដូច្នេះរដ្ឋាភិបាលគួរតែរកដំណោះស្រាយសមស្របណាមួយ ដើម្បីឱ្យពលរដ្ឋមានលទ្ធភាពក្នុងការធ្វើស្រែប្រាំងមានទឹកសម្រាប់ស្រោចស្រពគ្រប់គ្រាន់។
ជុំវិបញ្ហានេះនៅពេលចុះពិនិត្យស្ថានភាពជុំវិញការផ្គត់ផ្គង់ទឹកសម្រាប់ការបង្កបង្កើនផលស្រូវប្រាំងនៅក្នុងខេត្តពោធិ៍សាត់ ជាមួយនឹងក្រុមការងារនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទកាលខែមករា លោកឃឹម ហ្វីណង់ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្មបញ្ជាក់ថា ឆ្នាំកន្លងទៅយើងតែងជួបបញ្ហាខ្វះខាតទឹក តែពេលមានគ្រោះរាំងស្ងួតទេ។ សម្រាប់ឆ្នាំនេះមិនទាន់ទាំងមានគ្រោះរាំងស្ងួតផងបែរជាយើងប្រឈមនឹងបញ្ហានេះបាត់ទៅហើយ។ ទោះបីជាយើងបានត្រៀមផែនការផ្គត់ផ្គង់ទឹកទុកជាមុនបានយ៉ាងសមរម្យរួចជាស្រេចហើយក៏ដោយ។ ហេតុអ្វី? លោកឃឹម ហ្វីណង់បន្ថែមថា៖ «មានអ្នកយល់ច្រលំថា អាជ្ញាធរហាមឃាត់មិនឱ្យកសិករធ្វើស្រែលើកន្លែងដែលពួកគាត់តែងតែធ្វើ តែតាមពិតទៅ ឆ្នាំនេះប្រជាពលរដ្ឋនាំគ្នាសម្រុកធ្វើ នៅលើកន្លែងដែលមិនដែលធ្លាប់ធ្វើ។ ព្រោះស្រូវលក់បានថ្លៃ ទោះបីជាដឹងថាមានហានិភ័យក៏ដោយ ដែលជាហេតុធ្វើឱ្យអាជ្ញាធរមូលដ្ឋាន ជាពិសេសរដ្ឋបាលខេត្តគ្មានជម្រើសអ្វីក្រៅពីប្រញាប់ជូនដំណឹងពីការខ្វះខាតទឹកនោះទេ»។
បើតាមលោក ឃឹម ហ្វីណង់ ការផ្តល់ព័ត៌មានត្រឹមត្រូវនិងទាន់ពេលវេលា គឺជាអភិបាលកិច្ចដែលមានការទទួលខុសត្រូវ ក្នុងចេតនាព្យាយាមការពារអ្នកដែលបានជ្រុលជាចាប់ផ្តើមរួចហើយកុំឱ្យខ្វះទឹកពាក់កណ្តាលទីតែប៉ុណ្ណោះ។ ហើយបន្តណែនាំអ្នកថ្មីកុំឱ្យចាប់ផ្តើមធ្វើបន្ថែមទៀតដែលនាំឱ្យមានការខាតបង់រឹតតែច្រើន។ លោកឃឹម ហ្វីណង់បន្ថែមថា ទោះជាយ៉ាងណាក៏ដោយពេលកសិករជួបបញ្ហា យើងមិនខ្វល់ថា អ្នកណាខុសអ្នកណាត្រូវនោះទេ។ អ្វីដែលយើងអាចជួយដោះស្រាយបញ្ហាប្រឈមបានភ្លាមៗ អាជ្ញាធរនឹងព្យាយាមធ្វើឱ្យអស់ពីលទ្ធភាព។ តែយើងក៏មិនរំពឹងទុកថា ទិន្នផលស្រូវប្រាំងឆ្នាំនេះនឹងថយចុះនោះដែរ។ ព្រោះតំបន់ដែលកំពុងជួបបញ្ហាខ្វះទឹកទាំងនេះ ភាគច្រើនជាតំបន់ដែលតែងតែមានហានិភ័យ មិនសមស្របនឹងការបង្កបង្កើនផលស្រូវប្រាំង និងមិនត្រូវបានចាត់បញ្ចូលនៅក្នុងផែនការផលិតកម្មទេ។
ជាដំណោះស្រាយបន្ទាន់ក្រុមការងារក្រសួងនិងមន្ទីរធនធានទឹកនិងឧតុនិយម តាមបណ្តាខេត្តនានា រួមជាមួយនឹងអាជ្ញាធរពាក់ព័ន្ធកាលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ បានចាប់ផ្តើមចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំរបស់ប្រជាកសិករដែលកំពុងប្រឈមនឹងខ្វះទឹកនៅតាមតំបន់ដែលស្ថិតក្បែរប្រភពទឹកនិងមានទឹកគ្រប់គ្រាន់ដោយបានប្រើគ្រឿងចក្រកាយប្រឡាយ និងប្រើម៉ាស៊ីនបូមទឹកដើម្បីអន្តរាគមន៍ជួយសង្រ្គោះស្រូវប្រាំង និងដំណាំរួមផ្សំដែលកំពុងប្រឈមបញ្ហានឹងខ្វះទឹកទាំងនេះ។
របាយការណ៍របស់ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី១៣ខែមករា ខេត្តដែលកំពុងបន្តសកម្មភាពអន្តរាគមន៍បូមទឹក និងកាយប្រឡាយសង្គ្រោះស្រូវប្រាំងនិងដំណាំរួមផ្សំរួមមានចំនួន ៨ខេត្ត៖ ទី១)ខេត្តព្រៃវែងផ្ទៃដីសង្គ្រោះ៣៥០ហិកតា ទី២)ខេត្តស្វាយរៀងផ្ទៃដីសង្គ្រោះ ១៤៣ហិកតា ទី៣)ខេត្តកណ្តាលផ្ទៃដីសង្ក្រោះ ១៤៧០ហិកតា ទី៤)ខេត្តតាកែវផ្ទៃដីសង្គ្រោះ ២៤១ហិកតា ទី៥)ខេត្តកំពង់ឆ្នាំងផ្ទៃដីសង្គ្រោះ ៨០ហិកតា ទី៦)ខេត្តពោធិ៍សាត់ផ្ទៃដីសង្គ្រោះ ៨០ហិកតា ទី៧)ខេត្តក្រចេះផ្ទៃដីសង្គ្រោះ ១៥០ហិកតា និងទី៨) ខេត្តកំពង់ចាមផ្ទៃដីសង្គ្រោះ ២២០ហិកតា។ របាយការណ៍ដដែលបញ្ជាក់ថា ខេត្តដែលបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំង និងដំណាំរួមផ្សំកាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ មានចំនួន២ខេត្តគឺ ទី១) ខេត្តត្បូងឃ្មុំផ្ទៃដីសង្គ្រោះ ៣២៥ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៣៥សេះ ចំនួន២គ្រឿង និងទី២)ខេត្តកំពតផ្ទៃដីសង្គ្រោះ ដីស្រែ១១០ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេះចំនួន២គ្រឿង។
ជាការពិតណាស់វិបត្តិស្បៀងអាហារបានកំពុងកើតឡើងនៅក្នុងពិភពលោកទាំងមូល។ ប្រភពនៃវិបត្តិនេះ គេសង្កេតឃើញថាបណ្ដាលមកពីការអូសបន្លាយពេលវេលាធ្វើសង្គ្រាមរវាងរុស្ស៊ីអ៊ុយក្រែន និងការដុតឱ្យខ្លោចរោលឱ្យឆៅរវាងអ៊ីស្រាអែលនិងប៉ាឡេស្ទីន (ហាម៉ាស)។ ហើយបន្តមកទៀតរវាងក្រុមហួរទីយ៉េមែនដែលមានអ៊ីរ៉ងជាអ្នកចាក់រុកឱ្យឆេះសង្គ្រាមជាមួយសហអាមេរិក អង់គ្លេស និងសម្ព័ន្ធមិត្តនៅសមុទ្រក្រហម(Red Sea)ជាដើម។ យ៉ាងណាក៏ដោយពាក្យបុរាណមួយបានពោថា “ក្នុងគ្រោះតែងមានលាភ ក្នុងលាភតែងមានគ្រោះ”។
អ្នកឃ្វាលគោក្របីបានច្រៀងចម្រៀងលេងជាតន្ត្រីកម្សាន្តបែបអ្នកស្រែចំអកចំអន់វាសនាខ្លួនឯងបែបនេះថា “ស្រែស្រូវស្រុកខ្ញុំពុំសូវបានថ្លៃ មនុស្សម្នាលកលៃច្នៃចេញចាកឋាន ប្រឹងរកប្រឹងរៀនសង្វាតគ្រប់ប្រាណ យូរៗក្រែងបានរស់សមភ្នែកញាតិ។ ពេលស្រូវបានថ្លៃសមល្មម ខ្ញុំបង់រូបឆោមមិនទំនេរ ព្រឹកថ្ងៃល្ងាចមិនហត់ទេ ចុះម្តេចបានគេឃាត់ទៅវិញ”? គេសង្កេតឃើញថា បប្រែបម្រួលនៃសេដ្ឋកិច្ចកសិកម្មបានកើតឡើងតាំងពីជំនាន់កូវីដ១៩។ កាលនោះវិបត្តិសេដ្ឋកិច្ចបានផ្ទុះបណ្តើរៗនិយាយជារួមហើយវិបត្តិស្បៀងអាហារបានផ្ទុះឡើងដែរនិយាយដោយឡែក។ នៅប្រទេសវៀតណាម ថៃ និងឥណ្ឌាជាដើម ហាក់ត្រៀមរួចស្រេចដើម្បីត្រងយកឱកាសវាយលុកទីផ្សារកសិកម្មពេលស្ថានភាពនេះបានកើតឡើង។ ព្រោះស្ថេរភាពស្បៀងរបស់ពិភពលោកហាក់ឆ្ពោះទៅរកមាត់ជ្រោះនៃគ្រោះទុរ្ភិក្ស។ ប្រទេសជាប់ក្លៀកកម្ពុជាទាំងនេះ ហាក់មិនសូវមានដីស្រែធំជាងកម្ពុជាប៉ុន្មានទេ ប៉ុន្តែបែរជាអាចក្លាយជាប្រទេសដែលផ្គត់ផ្គង់ទីផ្សារអង្ករចូលទៅក្នុងទីផ្សារពិពភលោកមិនចាញ់កម្ពុជាឡើយ។
ក្នុងស្រីហិតោបទេសភាគ៤ស្តីពីសន្តិភាពទំព័រ៥២បោះពុម្ពឆ្នាំ១៩៩៤ របស់ភិក្ខុ ប៉ាង ខាត់ វិរិយបណ្ឌិតោបានសរសេរថា “សតិគឺការចាំបាន១ ការប៉ិនត្រិះរិះសមហេតុផលក្នុងប្រយោជន៍ដ៏សំខាន់មួយ ការដឹងប្រាកដ១ ការម៉ឺងម៉ាត់១ ការចេះរក្សាការប្រឹក្សាសម្ងាត់១ ទាំង៥ប្រការនេះ ជាគុណសម្បត្តិនៃមន្ត្រី”។ ទន្ទឹមនឹងនេះតម្រាបុរាណខ្មែរតាមរយៈគតិលោកភាគ៤ របស់លោកឧកញ៉ាសុត្តន្តប្រីជាឥន្ទ ទំព័រ៣០បានលើកនិទានពីសត្វរ៉ៃនិងស្រមោច។ ដោយនិយាយថា ស្រមោចជាសត្វឧស្សាហ៍ខិតខំរកស្បៀងទុកពេមានគ្រោះមកដល់មានអាហារគ្រប់គ្រាន់ រីឯរ៉ៃសប្បាយមិនគិតដល់ពេលខ្វះស្បៀងទៅខ្ចីស្រមោច។ តើរដ្ឋចង់ពលរដ្ឋក្លាយជាស្រមោចឬសត្វរ៉ៃ?
ទ្រឹស្តីមួយរបស់លោកអាដាំស្មីតសេដ្ឋកិច្ចវិទូជនជាតិស្កុតបានលើកឡើងពីតម្លៃនៃទ្រឹស្តីជំរុញការផលិតនិងបង្កើតប្រព័ន្ធសេដ្ឋកិច្ចទីផ្សារសេរី។ លោកអាដាំស្មីត(Adam Smith)បានលើកយកឧបមាវិធីមួយគឺការដេរអាវ។ ដោយនិយាយពីមនុស្សមានតួនាទីរៀងៗខ្លួន។ លោកAdam Smith បានពិសោធការធ្វើម្ជុលមួយ។ លោកបានចាត់មនុស្សជាពីរក្រុមដោយក្នុងមួយក្រុមមានមនុស្ស១០នាក់។ ក្រុមទី១មិនបានបែងចែកកម្លាំងពលកម្មនោះទេ ពោលគឺពួកគេម្នាក់ធ្វើជាអ្នកចោះរន្ធផង សំលៀងម្ជុលផង ធ្វើយ៉ាងណាឱ្យសម្រេចជាម្ជុលមួយតែម្តង។ ពួកគេទាំង១០នាក់ មួយថ្ងៃផលិតបានម្ជុលចំនួន១ប៉ុណ្ណោះ។ ដោយឡែកក្រុមទី២ ឯណោះវិញ ពួកគេមានមនុស្សចំនួន១០នាក់ដូចគ្នា តែពួកគេបានបែងចែកកម្លាំងពលកម្ម។ ជាលទ្ធផលក្នុងរយៈពេលមួយថ្ងៃក្រុមនេះអាចផលិតម្ជុលបានចំនួន៤៨.០០០។
ទ្រឹស្តីនេះមានតម្លៃមិនអាចកាត់ថ្លៃបានសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច។ មកដល់ពេលបច្ចុប្បន្ននេះ គ្រប់វិស័យបានយកទ្រឹស្តីនៃការបែងចែកកម្លាំងពលកម្មមកអនុវត្តន៍។ បើគេក្រឡេកមើលវិស័យកាត់ដេរសម្លៀកបំពាក់ក៏មានការបែងចែកកម្លាំងពលកម្មតាមទ្រឹស្តីរបស់គាត់ដែរ។ ក្នុងនោះគេឃើញម្ចាស់រោងចក្របានបែងចែកការងាររបស់កម្មករទៅតាមផ្នែកនីមួយៗ ដូចជាខ្លះជាអ្នកដេរក ខ្លះដេរដៃ ខ្លះទៀតជាអ្នកផ្តុំអាវ ចំណែកក្រុមផ្សេងៗជាអ្នកដាក់ឡេវ ហើយក្រុមផ្សេងៗទៀតជាអ្នកអ៊ុតឬអ្នកវេចខ្ចប់ជាដើម។
ជារួមមកវិញ ប្រជាកសិករ មន្ត្រីអាជ្ញាធរពីមូលដ្ឋានរហូតដល់ថ្នាក់ជាតិ និងរដ្ឋាភិបាល គឺជាក្រុមមនុស្សដែលប្រៀបបាននឹងរាងកាយរបស់មនុស្សម្នាក់។ ពលរដ្ឋប្រៀបបានដូចជាសរសៃឈាម មន្ត្រីមូលដ្ឋានជាកែវភ្នែកមើលប្រាប់ណែនាំនិងដោះស្រាយ ហើយរដ្ឋប្រៀបបាននឹងខួរក្បាលដែលត្រូវគិតគូរគ្រប់មធ្យោបាយធ្វើយ៉ាងដើម្បីឱ្យប្រទេសជាតិរីកច្រើនទៅមុខបានប្រកបដោយចីរភាព និងសន្តិភាព។ ហើយមនុស្សបីក្រុមនេះមិនអាចបន្ទោសគ្នានិងប្រមាថគ្នាបានឡើយ ហើយចាំបាច់គឺត្រូវធ្វើការរួមគ្នាជាធ្លុងមួយ។ ពួកគេត្រូវប្រកាន់ភ្ជាប់នូវពាក្យបុរាណជា សតិរម្លឹកមួយឃ្លាបានពោលថា“សាមគ្តីរស់ បែកបាក់សាមគ្គីស្លាប់”។ ពាក្យបុរាណនេះប្រហែលតម្រូវឱ្យរដ្ឋាភិបាលអាណត្តិទី៧ រកជាងដែកដែលមានបទពិសោធ មានឆន្ទៈខ្ពស់ មានយុទ្ធសាស្ត្រល្អ មានទឹកអន្សាល្អដើម្បីផ្សារឱ្យជាប់ចារទុកជាប្រវត្តិសាស្ត្រ។ ពេលកម្ពុជាក្លាយជាអធិរាជកសិកម្ម នោះប្រជាកសិករនឹងអាចមានលុយហាងទំនើបល្បីៗ ដូចអ្នករកស៊ីរបរផ្សេងទៀ។ “ឬស្សីដែលដុះជាគុម្ភក្រាស់ជិតប្រកិតគ្នាចោមរោមព័ទ្ធដោយដៃឬស្សីមានបន្លាស្អេកស្កះ គឺបុគ្គលមិនអាចចូលទៅកាប់កាត់ឬស្សីនោះបានដោយងាយទេ។ យ៉ាងណាមិញរដ្ឋដែលអាចយកឈ្នះចិត្តកសិករបាន គឺមិនអាចនរណាទៅគាស់រម្លើងបានឡើយ”៕
ដោយ៖ លោកសិរី មុនី