ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រកម្ពុជា នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានយាងសួរសុខទុក្ខប្រោស ព្រះរាជទាន ព្រះរាជអំណោយដល់ក្រុមកម្មករ កម្មការិនីប្រមូលសំរាម និងសម្អាតទីក្រុងជាង២០០០នាក់ ក្នុងឱកាសអបអរសាទរទិវាជាតិទីក្រុងស្អាត ។
ព្រះរាជពិធីនេះ បានប្រារព្ធធ្វើឡើងនៅលើកោះនរា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានកម្មករប្រមូលសំរាម និងសម្អាតទីក្រុងមកពីក្រុមហ៊ុន៣ចូលរួម រួមមាន ៖ ក្រុមហ៊ុន Cintri (Cambodia)/(Everbright China) ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd ។
ក្នុងព្រះរាជកាសនេះ ព្រះមហាក្សត្រ មានព្រះរាជបន្ទូលកោតសរសើរចំពោះអភិបាលរាជធានីភ្នំពេញ ដែលបានដឹកនាំរាជធានីភ្នំពេញ ឲ្យក្លាយជាទីក្រុងស្អាត មានសោភណ្ឌភាពទាក់ទាញ និងលើកកំពស់ជីវីភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលទៀតថា ក្រោមការដឹកនាំកិក្តិបណ្ឌិតដ៏ឆ្នើម និងប៉ិនប្រសព្វរបស់សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងការប្រតិបត្តិតាមមាគ៌ា ដ៏ល្អប្រពៃ និងមរតកនយោបាយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន រាជរដ្ឋាភិបាលបានដឹកនាំសង្គមជាតិទាំងនៅទីក្រុង ក៏ដូចជានៅជនបទទទួលបានសេចក្តីសុខ សន្តិភាពនិងការអភិវឌ្ឍរីកចម្រើនលូតលាស់លើគ្រប់វិស័យ។
ព្រះអង្គបានអំពាវនាវគ្រប់ក្រសួងស្ថាប័នរាជធានី ខេត្ត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ វិស័យឯកជន ព្រះសង្ឃគ្រប់ព្រះអង្គ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និស្សិត យុវជន យុវនារី មន្ត្រីរាជការ ជនរួមជាតិទាំងអស់ចូលរួមឲ្យបានផុលផុស ថែរក្សាបរិស្ថានឲ្យបានល្អស្អាតនិងបៃតង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ដើម្បីឲ្យព្រះរាជាណាចក្រកម្ពុជា ក្លាយជាគោលដៅទេសចរណ៍ ប្រកបដោយគុណភាព និងភាពទាក់ទាញខ្ពស់ សម្រាប់ទេសចរណ៍ជាតិ និងអន្តរជាតិ ពិសេសការបំពេញទស្សនកិច្ចរបស់គណៈប្រតិភូជាន់ខ្ពស់ជាផ្លូវរដ្ឋ ផ្លូវការ ជាមិត្តភាពជាមួយកម្ពុជា។
ជាមួយគ្នានេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា តាមរយៈព្រះរាជសកម្មភាព និងព្រះរាជអំណោយដ៏ថ្លៃថ្លាបំផុតរបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីព្រះទ័យទុកដាក់ខ្ពស់បំផុតអស់ពីកម្លាំងព្រះកាយពល និងព្រះបញ្ញាញាណរបស់ ព្រះករុណា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ចំពោះជាតិមាតុភូមិ រួមចំណែកយ៉ាងធំធេង ជាមួយប្រមុខរាជរដ្ឋាភិបាល ដើម្បីដោះស្រាយ និងសម្រាលការលំបាករបស់បុគ្គលិក និងកម្មករ-កម្មការិនី ក៏ដូចជាប្រជារាស្ត្ររបស់ព្រះអង្គ ស័ក្តិសមបំផុតទៅនឹង ព្រះបរមនាមជាអង្គក្សត្រប្រកបដោយទសពិធរាជធម៌៕