ព័ត៌មានជាតិ

រកឃើញ ពងអណ្តើកហ្លួង ២០សំបុក មានពង ២០៦គ្រាប់ លើឆ្នេរខ្សាច់ សិប្បនិមិត្ត ក្បែរស្រះបង្កាត់ពូជ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនកោះកុង

ភ្នំពេញ ៖ ចាប់តាំងពីខែមករា ដើមឆ្នាំ២០២៤ មកទល់បច្ចុប្បន្ននេះ ក្រុមអភិរក្ស សត្វអណ្តើកហ្លួងឬសរសៃ នៃរដ្ឋបាលជលផល និងអង្គការសមាគម អភិរក្សសត្វព្រៃ (WCS) បានរកឃើញពងអណ្តើកហ្លួង ចំនួន ២០សំបុក មានពង សរុបចំនួន២០៦គ្រាប់ នៅលើឆ្នេរខ្សាច់ សិប្បនិមិត្ត ក្បែរស្រះបង្កាត់ពូជមួយ ក្នុងមជ្ឈមណ្ឌលអភិរក្ស សត្វល្មូនខេត្តកោះកុង ។

បើតាមហ្វេសប៊ុកអង្គការ សមាគមអភិរក្សសត្វព្រៃ (WCS) នាថ្ងៃទី១៤ កុម្ភៈ បានឲ្យដឹងថា យោងតាមរូបភាពដែលថត បានដោយម៉ាស៊ីនថតស្វ័យប្រវត្តិ ដែលក្រុមការងារបានដាក់ចាំថត នៅលើឆ្នេរខ្សាច់នោះបានបង្ហាញថា មានអណ្តើកមេជាច្រើនក្បាលបានឡើង ពីស្រះបង្កាត់ពូជមកកាយខ្សាច់ទម្លាក់ពង នៅវេលាចន្លោះម៉ោង ៨យប់ ដល់ម៉ោង៤ព្រឹកទៀបភ្លឺ ។

នេះគឺជាឆ្នាំទី៤ ហើយដែលមេពូជអណ្តើក ហ្លួងបានទម្លាក់ពង នៅក្នុងមជ្ឈមណ្ឌលក្នុងប្រទេសកម្ពុជា ។ ក្រុមការងាររំពឹងថា នឹងរកឃើញ ពងអណ្តើកហ្លួងនៅក្នុង មជ្ឈមណ្ឌលនេះបន្ថែមទៀត ក្នុងរដូវពងកូនឆ្នាំ២០២៤នេះ ដែលចាប់ផ្តើមពីខែមករា រហូតដល់ខែមីនា ។

មជ្ឈមណ្ឌលអភិរក្ស សត្វល្មូនកោះកុង បានដើរតួនាទីយ៉ាងសំខាន់ក្នុងការ ស្ដារចំនួនសត្វអណ្ដើកហ្លួង ។ តួយ៉ាងអណ្ដើកហ្លួងចំនួន ២៦៨ក្បាល កំពុងស្ថិតក្រោមការថែទាំពីក្រុមការងារ ដែលនៅក្នុងនោះមានកូនអណ្ដើក ដែលទើបតែញាស់ ក្នុងឆ្នាំ២០២៣ ចំនួន១១៨ក្បាលផងដែរ ។ ការបង្កាត់ពូជអណ្តើកហ្លួង នៅក្នុងមជ្ឈមណ្ឌល គឺជាគោលដៅ អភិរក្សរបស់អង្គការ WCS និងរដ្ឋបាលជលផល សំដៅស្តារចំនួនប្រភេទ អណ្តើកហ្លួងនេះ ឱ្យមានច្រើននៅក្នុងធម្មជាតិឡើងវិញ ។

តើអ្នកដឹងទេថា សត្វអណ្ដើកហ្លួង ឬអណ្ដើកសរសៃ គឺស្ថិតនៅក្នុងចំណោមប្រភេទអណ្ដើក ទឹកសាបទាំង ២៥ប្រភេទ លើសកលលោក ដែលកំពុងប្រឈម នឹងការផុតពូជ និងត្រូវបានកត់ត្រា ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអណ្តើក ជិតផុតពូជបំផុត និងជាប្រភេទឧរង្គសត្វតំណាង ឱ្យប្រទេសកម្ពុជាផងដែរ តាំងពីឆ្នាំ២០០៥ ៕

To Top