ភ្នំពេញ ៖ យុវជនមកពីគ្រួសារក្រីក្រ ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកោះកុង លើកឡើងថា ខ្លួនពេញចិត្ត ក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ពីព្រោះការសិក្សាប្រកប ដោយភាពទាក់ទាញ មានការអនុវត្តផ្ទាល់ រួមទាំងកម្មវិធីសិក្សា ដ៏ល្អរបស់គ្រូបង្រៀន ។

យុវតី ដារ៉ា រស្មី ជាសិក្ខាកាមសិក្សា ជំនាញអគ្គិសនី នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកោះកុង បានលើកឡើងថា ខ្លួនពេញចិត្ត នៃការសិក្សាជំនាញ វិជ្ជាជីវៈផ្នែកអគ្គិសនីនេះណាស់ ពីព្រោះចាប់តាំងពីការចូលរៀនដំបូង មកទល់ពេលនេះ ការសិក្សាមានការអនុវត្ត ផ្ទាល់ដូចកំពុងធ្វើការដូច្នេះដែរ។ ការសិក្សាជំនាញនៅទីនេះមានទាំងទ្រឹស្តី និងការអនុវត្តដើរទៅទន្ទឹមគ្នា ហើយសម្ភារៈវិញគឺមានគ្រប់គ្រន់ ។

យុវជនរូបនេះបន្ថែមថា រៀនរយៈពេលជិត ១ខែមកនេះសិក្សានូវការរៀបចំផែនការ ការងារទាក់ទង នឹងជំនាញអគ្គិសនី ការរៀបចំឧបរកណ៍អគ្គិសនី ជាពិសេសនោះ ខ្លួនក៏បានសិក្សាលើការតបណ្តាញ កាមេរ៉ាសុវត្ថិភាព ដែលមានចរន្តអគ្គិសនី ស្មុគស្មាញផងដែរ ។ តាមរយៈការសិក្សា មានទាំងការអនុវត្តផ្ទាល់ និងទ្រឹស្តីនេះខ្លួនសង្ឃឹមថា រយៈពេល៤ខែ នៃការសិក្សាជំនាញនេះ ខ្លួននិងមានការរីកចំរើនទៅមុខ។

យុវតីដែលជាសិក្ខាកាម កំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលនេះគឺ ល្អណាស់សម្រាប់យុវជនក្រីក្រ ពីព្រោះវាជា ឱកាសមួយដ៍ល្អ សម្រាប់យុវជនក្នុងការរៀន ជំនាញដោយឥតគិតថ្លៃ ហើយថែមទាំងមានប្រាក់ ឧបត្ថម្ភថែមទៀត ។

សិក្ខាកាមបានអំពាវនាវ ទៅដល់យុវជនផ្សេងៗទៀត ឱ្យមកចុះឈ្មោះចូលរៀន វគ្គបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ របស់រាជរដ្ឋាភិបាល ដើម្បីធានាថាខ្លួនឯងអាចមានជំនាញមួយ ច្បាសលាស់ អាចរកការងារ បានធ្វើបន្ទាប់ពីរៀនរយៈពេលខ្លី៕
