ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យអាជ្ញាធរខណ្ឌទាំង១៤ ក៏ដូចជាប្រធានផ្សារទាំង២៥ គឺមិនអនុញ្ញាតឲ្យមាន ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួនឡើយ ។
ការដាក់បទបញ្ជាបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើង ក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយអភិបាលខណ្ឌទាំង១៤ និងប្រធានផ្សារទាំង២៥ នារសៀលថ្ងៃទី១៤ខែកុម្ភៈឆ្នាំ២០២៤ នៅសាលារាជធានីភ្នំពេញ ពោលគឺក្រោយពីសម្ដេច មហាបវរធិបតីហ៊ុន ម៉ាណែត បានដាក់បទបញ្ជាភ្លាមៗ។
លោក ឃួង ស្រេង បានលើកឡើងថា ចំពោះអាជីវកម្មឆ្នោតផ្សងសំណាង ចំនួន១០ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនឆ្នោតផ្សងសំណាង ចំនួន៦ ស្មើនឹងជាង៦០ទីតាំង ដែលហួសសុពលភាព គឺមិនអនុញ្ញាត ឲ្យបន្តបើកអាជីវកម្មទៀតទេ។ ប្រសិនបើក្រុមហ៊ុនទាំងនោះ នៅតែបន្តអាជីវកម្មរបស់ខ្លួន អាជ្ញាធររាជធានីភ្នំពេញ និងធ្វើការបង្ក្រាបជាបន្ទាន់ ព្រោះជាទីតាំងដែលខុសច្បាប់ ហើយចំពោះទីតាំងថ្មី គឺមិនអនុញ្ញាត ឲ្យមានទៀតទេ។
លោក ឃួង ស្រេង បានបន្តទៀតថា តាមជុំវិញ ផ្សារ សាលារៀន គឺមិនឲ្យមានដាច់ខាត ចំពោះល្បែងស៊ីសងខុសគ្រប់ប្រភេទ បើមានលួចបើកល្បែងស៊ីសងខុសច្បាប់ទាំងនេះ គឺត្រូវតែបង្រ្កាបភ្លាមតែម្តង។
បន្ថែមពីនេះទៀត លោក ឃួង ស្រេង ជំរុញឲ្យបន្តបង្កេីត Group Telegram ក្រុមការងារត្រួតពិនិត្យ និងបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅរាជធានីភ្នំពេញ ដោយក្រុមការងារនេះ ត្រូវមានរបាយការណ៍ប្រចាំថ្ងៃ។
ចំពោះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងខណ្ឌទាំង១៤ ត្រូវរៀបចំប្រជុំបន្ទាន់ ដេីម្បីដាក់ផែនការចុះត្រួតពិនិត្យ លិខិតអនុញ្ញាតទីតាំងអាជីវកម្មល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទនៅភ្នំពេញ ទីតាំងដែលលិខិតអនុញ្ញាតផុតសុពលភាព ត្រូវបិទជាបន្ទាន់ ទីតាំងដែលមានអាជ្ញាបណ្ណពី គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា តែគ្មានលិខិតអនុញ្ញាតទីតាំងក៏ត្រូវបិទ ទីតាំងដែលនៅសល់សុពលភាព លិខិតអនុញ្ញាតទីតាំង ត្រូវរង់ចាំដល់ផុតសុពល រួចចុះបិទដែរ បញ្ឈប់ការបន្តសុពលភាព លិខិតអនុញ្ញាតទីតាំង និងចេញលិខិតអនុញ្ញាតទីតាំងថ្មី៕











