ភ្នំពេញ ៖ ក្រុមហ៊ុន Cheveron របស់សហរដ្ឋអាមេរិក បានបង្ហាញឆន្ទៈក្នុងការពង្រីកការរកស៊ីប្រេងនិងឧស្ម័ននៅកម្ពុជា តាមរយៈការពង្រីកស្ថានីយប្រេង និងគាំទ្រគោលនយោបាយកម្ពុជា ក្នុងការដោះស្រាយបញ្ហារុករកប្រងនិងឧស្ម័ន ជាមួយប្រទេសថៃ ដោយឈរលើនយោបាយឈ្នះ-ឈ្នះ។
ការឲ្យដឹងបែបនេះរបស់តំណាងក្រុមហ៊ុន Cheveron ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ ជាមួយលោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល នាពេលថ្មីៗនេះ ។
លោក Frank Cassulo អនុប្រធានក្រុមហ៊ុន Cheveron បញ្ជាក់ថា ក្រុមហ៊ុនរបស់ខ្លួន ផលិតប្រេងឆៅក្នុងពិភពពលោកជាមធ្យម ៣លានបារែលក្នុង១ថ្ងៃ។
សូមបញ្ជាក់ថា កម្ពុជាក៏បានធ្លាប់បានអនុញ្ញាតឲ្យក្រុមហ៊ុន គ្រីសអេនើជី អិលធីឌី (KrisEnergy) របស់សិង្ហបុរី រុករកប្រេងនៅតំបន់ប្លុក A នៃឈូងសមុទ្រកម្ពុជាផងដែរ កាលពីអំឡុងឆ្នាំ២០១៩ ដោយដំណក់ប្រេងលើកដំបូងរបស់កម្ពុជា ចាប់ផ្តើមផលិតចេញពីអណ្តូងប្រេងទី១ ឈ្មោះ A-0ID នៃផ្លាតហ្វម A ក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា នៅថ្ងៃទី២៩ធ្នូ ឆ្នាំ២០២០ បន្ទាប់មកកែវផ្ទុកដំណក់ប្រេង ជាលើកដំបូងរបស់កម្ពុជានេះ ក៏បានដង្ហែយកទៅតម្កល់ទុកក្នុងសារមន្ទីរវិមាននយោបាយ ឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែដំណើរការមិនបានប៉ុន្មានផង ក្រុមហ៊ុនក៏ប្រកាសក្ស័យធន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ ថា ខ្លួនគ្មានលទ្ធភាព សងបំណុលដល់ម្ចាស់បំណុល៕