ព័ត៌មានជាតិ

អូស្ត្រាលី ចាប់អារម្មណ៍ខ្ពស់លើគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលនឹងក្លាយជាគម្រោងព្រែកជីក ប្រវត្តិសាស្ត្ររបស់កម្ពុជា

ភ្នំពេញ៖ ក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាថ្ងៃទី១៤ កុម្ភៈ លោក ចាស្ទីន ខេវិន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ អំពីវឌ្ឍនភាពនៃគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលនឹងក្លាយជាគម្រោងព្រែកជីក ប្រវត្តិសាស្ត្ររបស់កម្ពុជា នាពេលខាងមុខ។

ក្នុងជំនួបនោះដែរ លោកឯកអគ្គរដ្ឋទូតអូស្ត្រាលី បានកោតសរសើរអំពីបេសកកម្មរបស់កម្ពុជា ក្នុងការទាក់ទាញវិនិយោគិនពីបណ្ដាប្រទេសនានា និងការយកចិត្តទុកដាក់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ របស់ខ្លួនបានកាន់តែប្រសើរ ។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីទាក់ទាញវិនិយោគិន ដោយក្នុងនោះ កាលពីឆ្នាំ២០២៣កន្លងទៅ កម្ពុជាទទួលគម្រោងវិនិយោគចំនួន២៦៨ ដែលមានទុនវិនិយោគប្រមាណជិត ៤,៩ពាន់លានដុល្លារកើនឡើង បើធៀបទៅឆ្នាំ២០២២ ដែលទទួលបានប្រមាណជិត ៤ពាន់លានដុល្លារ។ ជាមួយគ្នានេះ បើប្រៀបធៀបរយៈពេលដូចគ្នាក្នុងខែមករា ឆ្នាំ២០២៤ កម្ពុជាទទួលបាន៣២គម្រោង ច្រើនជាង២ដង បើធៀបនឹងខែមករា ឆ្នាំ២០២៣កន្លងទៅ ហើយកម្ពុជាក៏រំពឹងថា គម្រោងវិនិយោគនឹងមានការកើនឡើងបន្ថែមទៀត ទោះបីជាស្ថានភាពពិភពលោក បច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមក្ដី។

លោកឧបនាយករដ្ឋមន្ត្រីបន្ថែមថា ក្នុងគោលបំណងដើម្បីកាត់បន្ថយតម្លៃដឹកជញ្ជូន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣។ បន្ថែមពីនេះ ដើម្បីបង្កើនភាពប្រកួតប្រជែង កម្ពុជាមានគោលបំណងក្នុងការ ប្រើប្រាស់ថាមពលស្អាតឲ្យបាន ៧០% នៃថាមពលសរុប ត្រឹមឆ្នាំ២០៣០។

បន្ថែមក្នុងកិច្ចប្រជុំនេះ លោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូនអំពីវឌ្ឍនភាពខ្លះៗនៃគម្រោង “ព្រែកជីកហ្វូណនតេជោ” ជូនដល់ឯកអគ្គរដ្ឋទូត និងសហការីបានជ្រាបផងដែរ បន្ទាប់ពីមានការបង្ហើបពីគម្រោងនេះហើយ លោកទូតក៏ចាប់អារម្មណ៍ផងដែរ។

សូមរំលឹកថា គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់ ដែលត្រូវបានប្រសិទ្ធនាមថា «ព្រែកជីកហ្វូណនតេជោ» ត្រូវបានបញ្ចប់ការសិក្សាសមិទ្ធលទ្ធផល រួចរាល់គ្រោងចំណាយទុនវិនិយោគ១ ៧០០លានដុល្លារ។ តាមសិក្សា ផ្លូវទឹកនេះមានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់ដៃសមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤រួមមាន ៖ កណ្ដាល តាកែវ កំពត និងកែប ។ គម្រោងនេះដែរ ក៏គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ ខាងមុខនេះផងដែរ ៕

To Top