ព័ត៌មានជាតិ

សាស្ត្រាចារ្យ ឈាង រ៉ា ផ្តាំទៅក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យខេត្តកំពង់ចាម ត្រូវផ្តល់សេវាឲ្យពលរដ្ឋ ដោយស្មារតីទទួលខុសត្រូវ

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញចុះពិនិត្យការផ្តល់សុខាភិបាល និងសំណេះសំណាល សួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការនៅមន្ទីរពេទ្យខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ អមដំណើរដោយលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានផ្ញើសារផ្តាំទៅក្រុមគ្រូពេទ្យ ត្រូវផ្តល់សេវាឲ្យប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ កុំឲ្យធ្វេសប្រហែស ។

ក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលនៃមន្ទីរពេទ្យខេត្តកំពង់ចាម សាស្រ្តាចារ្យរដ្ឋមន្រ្តី មានការចាប់អារម្មណ៍ពីការពិនិត្យមូលដ្ឋានសុខាភិបាល និងបានវាយតម្លៃខ្ពស់ពីភាពរីកចម្រើន ទាំងរៀបចំហេដ្ឋារចនាសម្ព័ន្ធ ការរៀបចំសណ្តាប់ធ្នាប់ សម្ភារបរិក្ខារវេជ្ជសាស្រ្ត និងធនធានមនុស្សដែលមានជំនាញច្បាស់លាស់ ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីធានាការបម្រើសេវាជូន ប្រជាពលរដ្ឋប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព និងសមធម៌។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានកោតសរសើរចំពោះហេដ្ឋារចនាសម្ព័ន្ធ នៅមណ្ឌលសុខភាព មន្ទីរពេទ្យស្រុក និងខេត្ត បានរៀបចំបានល្អ។ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តាំផ្ញើ ត្រូវខិតខំបន្ថែមទៀតក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីទទួលខុសត្រូវ និងស្នើឲ្យថ្នាក់ដឹកនាំ ត្រូវជំរុញការបណ្តុះបណ្តាលដល់មន្រ្តីជំនាញ បន្ថែមទៀតដោយត្រូវបញ្ជូន ទៅចូលរួមនៅមន្ទីរពេទ្យខេត្ត និងមន្ទីរពេទ្យថ្នាក់ជាតិ។ សាស្រ្តាចារ្យស្នើអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំក្នុងការពង្រឹងសេវាសុខាភិបាល ឲ្យបានប្រសើរថែមទៀត ដោយមន្ទីរពេទ្យខេត្តកំពង់ចាម នឹងប្រែក្លាយជាមន្ទីរពេទ្យថ្នាក់តំបន់ នាពេលខាងមុខនេះ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានឲ្យមន្រ្តីរាជការ និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវចេះជួយគ្នា សហការគ្នា សាមគ្គីភាពគ្នា និងត្រូវខិតខំប្រឹងព្យាយាមបន្ថែមទៀត ក្នុងការអភិវឌ្ឍវិស័យសុខាភិបាល ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីឈានទៅរកការសម្រេច បាននូវការគ្របដណ្តប់សុខភាពជាសកល។

ឆ្លៀតក្នុងឱកាសនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានអញ្ជើញចុះពិនិត្យការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាពស្ពឺ មណ្ឌលសុខភាពស្វាយទាប និងមន្ទីរពេទ្យបង្អែក ចំការលើ ស្ថិតក្រោមការិយាល័យសុខាភិបាល ស្រុកប្រតិបត្តិចំការលើ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម។ សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏កោតសរសើរចំពោះមន្រ្តីសុខាភិបាល ដែលបានលះបង់ពេលវេលា កំលាំងកាយចិត្ត ខិតខំបំពេញភារកិច្ច ក្នុងការផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយស្មារតីក្រមសីលធម៌វិជ្ជាជីវៈ។

សូមគូសរំលេចថា មន្ទីរពេទ្យខេត្តកំពង់ចាម ជាមន្ទីរពេទ្យធ្លាប់ទទួលបានជ័យលាភីអង្គភាពផ្តល់សេវាកម្រិតគំរូ ចំណាត់ថ្នាក់លេខ១ ជាអង្គភាពផ្តល់សេវាសកម្មភាពបង្គ្រប់កម្រិត៣ (CPA3) នៅឆ្នាំ២០១៩ ៕

To Top