ភ្នំពេញ ៖ ក្រសួងបរិស្ថាន គ្រោងនឹងបំពាក់កាមេរ៉ាបន្ថែម នៅតំបន់ជួរភ្នំក្រវាញ ដើម្បីតាមដានវត្តមាន និងអវត្តមានសត្វព្រៃ ដែលជាចំណី របស់សត្វខ្លាធំដូចជាប្រើស ខ្ទីង និងជ្រូកព្រៃជាដើម។ នេះជាការលើកឡើងរបស់លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន កាលពីពេលថ្មីៗ ។
បើតាមប្រសាសន៍លោករដ្ឋមន្រ្តី តាមការណែនាំពីអ្នកបច្ចេកទេស មកពីប្រទេសឥណ្ឌា ម៉ាស៊ីនថតចំនួន ១គ្រឿង ត្រូវដាក់ចន្លោះពីគ្នា ក្នុងចំងាយមួយគីឡូម៉ែត្រ ។ ក្នុងរយៈពេល៣ខែ ចន្លោះរដូវប្រាំង និងរដូវវស្សា កាមេរ៉ា អាចចាប់រូបភាព និងអ្នកជំនាញអាចវិភាគ បាននូវប្រភេទសត្វជាអាហារ សម្រាប់ស្តារសត្វខ្លាធំបាន ។ ការបំពាក់កាំមេរ៉ានេះ នឹងជួយផ្តល់នូវទិន្នន័យជាក់លាក់ នៃធនធានសត្វព្រៃ តើអាចគ្រប់គ្រាន់សម្រាប់សត្វខ្លាធំ ។ ជួយអ្នកអភិរក្ស ក្នុងការរៀបចំផែនការ ដើម្បីស្តារសត្វខ្លាធំ ក្នុងលក្ខខណ្ឌមិនមានសត្វព្រៃ ជាចំណីគ្រប់គ្រាន់ តើត្រូវបង្កាត់ពូជសត្វព្រៃបន្ថែម ឬផ្តល់សត្វគោ ឬក្របីស្រុកជំនួស? សិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ និងសិក្សាពីរបាយនិងភាពសំបូរ របស់សត្វព្រៃ និងដែលអាចជាចំណីរបស់សត្វខ្លាធំ ។

លោករដ្ឋមន្រ្តីថ្លែងថា ក្រសួងបរិស្ថាន បានសហការជាមួយអង្គការដៃគូ WA, CI, FFI និងគម្រោង CSLEP បានចុះសិក្សា និងបានដាក់កាមេរ៉ា ដែលបានបំពាក់រួចរាល់នាពេលកន្លងមក ចំនួនប្រមាណ ៣៨២ ទីតាំង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញ គិតចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដើម្បីសិក្សាវត្តមានសត្វព្រៃ ដែលមានដោយកម្រនិងជិតផុតពូជ ក៏ដូចជាក្នុងគោលបំណងរៀបចំ កំណត់តំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ព្រមជាមួយការសិក្សាពីដង់ស៊ីតេសត្វព្រៃ ដែលជាចំណីរបស់សត្វខ្លាធំ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជា និងឥណ្ឌា បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ ក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្តស្តារសត្វខ្លាធំ និងទីជម្រករបស់វានៅកម្ពុជា។
ក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ WA បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែន ជម្រកសត្វព្រៃតាតៃ នៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំ ដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ ។ គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បានបង្កើតឡើង បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ខណៈនៅទូទាំងពិភពលោក គេប៉ាន់ប្រមាណថាសត្វខ្លាធំនៅមានចំនួន ប្រហែល ៣២០០ក្បាល នៅឆ្នាំ២០១០។ ចំនួននេះ មានការថយចុះ ៩៥% បើធៀបនឹងចំនួនរបស់វា ធ្លាប់មានវត្តមាន ក្នុងដើមទសវត្សរ៍ទី២០ ដែលមានប្រហែល១០ម៉ឺនក្បាល នៅក្នុងពិភពលោក៕
