ព័ត៌មានជាតិ

គម្រោងស្ថាបនា ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា តម្លៃ៦០លានដុល្លារ សម្រេចបានជាង២ភាគរយហើយ

ភ្នំពេញ ៖ គិតត្រឹមពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ គម្រោងស្ថាបនាស្ពាន ឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សម្រេចបានជាង ២ភាគរយហើយ ខណៈពិធីសម្ពោធបើកការដ្ឋានស្ថាបនាផ្លូវការ នឹងត្រូវធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ខាងមុខនេះ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។ នេះបើតាមការប្រកាស របស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ១៥ កុម្ភៈ ។

បើតាមលោក ផន រឹម រៀបរាប់ គឺគម្រោងស្ថាបនាស្ពាន ចាក់អង្រែក្រោម-ព្រែកប្រា ដែលមានតម្លៃប្រមាណ ៦០លានដុល្លារ និងប្រើរយៈពេលសាងសង់ ៤២ខែ ដោយប្រើឥណទានសម្បទាន ពីប្រទេសចិន និងត្រូវស្ថាបនាមួយខ្សែ (ដូចស្ពានកោះនរា ឬស្ពានឫស្សីកែវ)ទទឹង ២៧ម៉ែត្រ, ៤គន្លងរថយន្ត ,២កន្លងម៉ូតូ និង ២គន្លងថ្មើរជើង ។ ស្ពានដ៏សំខាន់ ដែលកើតឡើង ដោយការគិតគូរ ខ្ពស់របស់រាជរដ្ឋាភិបាលនេះ បានដំណើរការការដ្ឋាន មុនពិធីសម្ពោធ បើកការដ្ឋានជាផ្លូវការចាប់ផ្តើម ដោយបានខួងសសរគ្រឹះជាបន្តបន្ទាប់ និងធានាសមិទ្ធផលរួចរាល់ តាមការគ្រោងទុក។

លោកថា ស្ពានឆ្លង ទន្លេបាសាក់-ចាក់អង្រែក្រោម នឹងត្រូវសាងសង់ប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ, ទទឹងផ្លូវ២៧ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ, ទទឹងផ្លូវ ២៧ម៉ែត្រ) សាងសង់ដោយក្រុមហ៊ុន សំណង់សៀងហៃ,ទីប្រឹក្សាគម្រោង ដោយក្រុមហ៊ុនក្វាងចូវវ៉ានអាន ។

នៅពេលសាងសង់រួចស្ពាននេះ អ្នកនាំពាក្យខាងលើ ក៏បានគូសបញ្ជាក់ពីសារៈជាច្រើនផងដែរ ដោយនឹង ជួយកាត់បន្ថយការ កកស្ទះចរាចរណ៍ លើស្ពានព្រះមុនីវង្សឆ្លង កាត់ទន្លេបាសាក់ ភ្ជាប់ផ្លូវជាតិលេខ១ នៅខណ្ឌច្បារអំពៅ ។ ជួយពង្រឹងដល់ទំនាក់ទំនងសេដ្ឋកិច្ចសង្គម រវាងរាជធានីភ្នំពេញ ប៉ែកខាងត្បូង ព្រលានយន្តហោះអន្តរជាតិតេជោ ក្រុងតាខ្មៅ ជាពិសេសធ្វើឱ្យប្រសើរឡើងដល់ប្រសិទ្ធភាពនៃការដឹកជញ្ជូន និងភស្តុភារកម្មនៅ ក្នុងតំបន់រាជធានីភ្នំពេញ ។ កាត់បន្ថយការកកស្ទះចរាចរណ៍ នៅតាមដងទន្លេបាសាក់ និងជួយពន្លឿនការអភិវឌ្ឍតំបន់នោះផងដែរ។

គួរបញ្ជាក់ថា នេះជាស្ពានទី៦ ក្នុងចំណោមស្ពានដែលបានសាងសង់រួចរួមមាន ៖ ស្ពានឆ្លងកោះពេជ្រ-កោះនរា, ស្ពានព្រះមុនីវង្សទាំង២, ស្ពានព្រែកសំរោង-តាខ្មៅ ,ស្ពានកោះអន្លង់ចិន, ស្ពានកោះធំ និងស្ពានមួយទៀតកំពុងសិក្សាភ្ជាប់ផ្លូវជាតិលេខ២៣៕

To Top