ព័ត៌មានជាតិ

លោករដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជាអធិបតី បើកកិច្ចប្រជុំលើកទី១ ស្តីពីការសម្របសម្រួល រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ប្រចាំឆ្នាំ២០២៣

ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីបើកកិច្ចប្រជុំលើកទី១ ស្តីពីការសម្របសម្រួល រវាងក្រសួងធនធានទឹក និងឧតុនិយម និងដៃគូអភិវឌ្ឍន៍ ក្នុងឆ្នាំ២០២៣ លើវិស័យធនធានទឹកនៅកម្ពុជា។

សូមជម្រាបថា កិច្ចប្រជុំនេះមានការចូលរួមពីលោករដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំ លោក ប្រធាននាយកដ្ឋានទាំងអស់ នៃក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយតំណាងដៃគូអភិវឌ្ឍន៍ដូចជា ធនាគារពិភពលោក (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ធនាគារកូរ៉េ EXIMBANK អង្គការJICA, KOICA, IFAD, UNDP, UNICEF, FAO, តំណាងស្ថានទូតអូស្រ្តាលី និងតំណាងស្ថានទូត សហភាពអ៊ឺរ៉ុបជាដើម ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រីបានសម្តែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបានក្នុងឆ្នាំ២០២៣ និងបានថ្លែងអំណរគុណ ដល់ក្រុមការងាររៀបចំ ជាពិសេសបណ្តាដៃគូអភិវឌ្ឍន៍ដូចជា AFD, សហភាពអ៊ឺរ៉ុប និងគម្រោងកម្មវិធី WAT4CAM_TA-ISWM ដែលបានជួយឧបត្ថម្ភគាំទ្រ ដល់កិច្ចប្រជុំនាពេលនេះ ។

លោករដ្ឋមន្ត្រី មានប្រសាសន៍ឱ្យដឹងថា គោលបំណង នៃកិច្ចប្រជុំ គឺដើម្បីពិនិត្យ ពិភាក្សាអំពីវឌ្ឍនភាព និងបញ្ហាប្រឈមក្នុងដំណើរការ នៃការអនុវត្តផែនការយុទ្ធសាស្រ្ត អភិវឌ្ឍន៍រយៈពេល ៥ឆ្នាំ ២០១៩-២០២៣ នាពេលកន្លងទៅ និងស្វែងរកនូវធាតុចូលបន្ថែម ក៏ដូចជាការគាំទ្រនានា ពីដៃគូអភិវឌ្ឍន៍ដើម្បីធានាឱ្យ ការអនុវត្តនូវផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ របស់ក្រសួងធនធានទឹក និងឧតុនិយម ប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីបានលើកឡើងថា យុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យ៉ាងច្បាស់នូវអាទិភាពចំនួន៥ គឺមនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា សម្រាប់កំណើន សេដ្ឋកិច្ច និង ការអភិវឌ្ឍ ក្នុងនោះការអភិវឌ្ឍវិស័យធនធានទឹក នៅតែជាវិស័យមួយ ដែលត្រូវបានយកចិត្តទុកដាក់ ។

លោករដ្ឋមន្ត្រីបញ្ជាក់ថា ក្រសួងធនធានទឹក និងឧតុនិយម បានអនុវត្តការងារ ប្រកបដោយការទទួលខុសត្រូវខ្ពស់ និងកំពុងរៀបចំផែនការ យុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០២៤-២០២៨ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក៏ដូចជាច្បាប់ ស្តីពីការគ្រប់គ្រងធនធានទឹក នៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០០៧ ។ ដូចគ្នានឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ ៥ឆ្នាំ ២០១៩-២០២៣ ដែរ ផែនការយុទ្ធសាស្ត្រ ៥ឆ្នាំបន្ទាប់ ២០២៤-២០២៨ គឺទាមទារនូវភាពជាដៃគូ និងការគាំទ្រពីដៃគូអភិវឌ្ឍន៍ ដើម្បីរួមចំណែកជួយ ដល់ការអនុវត្តឱ្យទទួលបានជោគជ័យ ។

ជាចុងក្រោយ លោករដ្ឋមន្ត្រីបានបង្ហាញនូវសុទិដ្ឋិនិយម និងជឿជាក់ថា កិច្ចពិភាក្សា នាឱកាសនេះនឹងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា ជំរុញភាពជាដៃគូ ពង្រឹងការយល់ដឹង និងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីការគ្រប់គ្រងធនធានទឹក ប្រកបដោយនិរន្តរភាពនៅកម្ពុជា ជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ៕

To Top