ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ប្រឆាំងដាច់ខាត នូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែង ដល់អ្នកបោះឆ្នោត

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានប្រកាសប្រឆាំង ដាច់ខាត នូវរាល់សកម្មភាពបង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងលើកទឹកចិត្ត ដល់អ្នកបោះឆ្នោតទាំងឡាយ ឱ្យប្រើប្រាស់សិទ្ធិសម្រេចចិត្ត របស់ខ្លួននៅក្នុងការបោះឆ្នោត ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា «(ក្រសួងមហាផ្ទៃ) ប្រឆាំងដាច់ខាតនូវរាល់សកម្មភាព បង្ខិតបង្ខំ គំរាមកំហែងដល់អ្នកបោះឆ្នោត និងលើកទឹកចិត្តដល់អ្នកបោះឆ្នោត ទាំងឡាយឱ្យប្រើប្រាស់ សិទ្ធិសម្រេចចិត្ត របស់ខ្លួន នៅក្នុងការបោះឆ្នោតខាងលើនេះ ស្របតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ ស្តីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ដើម្បីធានាបាននូវការអនុវត្តសិទ្ធិសេរីភាព របស់ប្រជាពលរដ្ឋខ្មែរ តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងធានាបាននូវនិរន្តភាព នៃដំណើរការ លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងជាពិសេសធានានូវដំណើរការរដ្ឋបាល នៃរដ្ឋបាលឃុំ សង្កាត់ស្របតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំ សង្កាត់ ។ ការផ្លាស់ប្តូរសមាជិក ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រសួងមហាផ្ទៃតែងធ្វើការអនុវត្តស្របតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តមានជាធរមាន»។

ក្រសួងមហាផ្ទៃ អំពាវដល់គ្រប់គណបក្សនយោបាយ ដែលបានចុះបញ្ជីត្រឹមត្រូវស្រប តាមច្បាប់ស្តីពីគណបក្សនយោបាយ សូមអនុវត្តឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន ដោយជៀសវាងនូវការធ្វើសកម្មភាព គំរាមកំហែងបង្ខិតបង្ខំដល់អ្នកបោះឆ្នោត ដើម្បីធានាឱ្យការបោះឆ្នោត ប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ៕

To Top