ព័ត៌មានជាតិ

ព័ត៌មានក្លែងក្លាយ អាចបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ខណៈក្រសួងព័ត៌មាន​ កំពុងផ្តោតយកចិត្តទុកដាក់ខ្លាំង

ភ្នំពេញ៖ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិ ដែលកត្តានេះ នាំឲ្យកិច្ចប្រជុំ គណៈកម្មការ ប្រឆាំងព័ត៌មានក្លែងក្លាយ ដឹកនាំ ដោយ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ លើភាពចាំបាច់នៃការគ្រប់គ្រង​ ដោយប្រសិទ្ធភាព ដែលទាមទារឲ្យ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្ត ។​ នេះបើតាមការបញ្ជាក់ របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន ។

តាមរយៈបណ្តាញទំនាក់ទំនងសង្គម របស់លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន នាថ្ងៃទី១៦ កុម្ភៈនេះ បានឲ្យដឹងថា សព្វថ្ងៃការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា បានបង្កភាពងាយស្រួល ដល់ការប្រាស្រ័យទាក់ទងគ្នា និងទទួលបាននូវព័ត៌មាននានា ជាពិសេសតាមរយៈមធ្យោបាយ ប្រព័ន្ធផ្សព្វផ្សាយទំនើប រាប់បញ្ចូលទាំងការផ្សព្វផ្សាយ លើប្រព័ន្ធអ៊ីនធ័រណែត និងបណ្តាញសង្គមគ្រប់ប្រភេទ ដែលបានរីកដុះដាលឡើងយ៉ាងខ្លាំង។ ទន្ទឹមនឹងការផ្តល់ភាពងាយស្រួលទាំងនេះ គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ បានជះឥទ្ធិពលនិងផលវិបាក មកលើសង្គមរស់នៅផងដែរ។

អ្នកនាំពាក្យរូបនេះ បានលើកឡើងថា ផលវិបាកទាំងនោះរួមមាន ការអាចបង្កភាពចលាចល ភាពច្របូកច្របល់ ដែលនាំឲ្យមានការបាត់បង់ ជំនឿទុកចិត្តក្នុងសង្គម ប្រជាពលរដ្ឋខាតបង់ពេលវេលា ថវិកា រីឯការបង្ខូចកេរ្តិ៍ឈ្មោះប៉ះពាល់ ដល់ឯកជនភាព និងធ្វើឲ្យបាត់បង់កិត្តិយស។ ជាងនេះទៀត គ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយ អាចនឹងបង្កឲ្យមានការរើសអើង អរិភាពក្នុងសង្គម និងធ្វើឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិផងដែរ។ ផលវិបាកទាំងនេះកើតឡើង ស្របពេលនឹងការវិវត្តនៃបច្ចេកវិទ្យា Ai ផងដែរ ដែលវាកំពុងធ្វើឲ្យព័ត៌មាន កាន់តែមានភាពស្មុកស្មាញ។

លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា “ដូច្នេះហើយ កិច្ចប្រជុំកាលពីពេលថ្មីៗ ​របស់គណៈកម្មការ​ ប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន ដែលដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានផ្តោតការយកចិត្តទុកដាក់ លើភាពចាំបាច់ នៃការគ្រប់គ្រង ដោយប្រសិទ្ធភាព ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ចូលរួមអនុវត្តយន្តការចម្រុះ ប្រកបដោយភាពប្រទាក់ក្រឡា និងបង្កើនភាពស៊ីសង្វាក់គ្នា ក្នុងការអនុវត្ត ប្រកបដោយបុរេសកម្ម ក្នុងនោះយន្តការចំបង ក្នុងក្របខណ្ឌសមត្ថកិច្ចជំនាញ គឺយន្តរបស់ក្រសួង ស្ថាប័ន និងយន្តការក្នុងក្របខណ្ឌ កិច្ចសហការអន្តរក្រសួង ស្ថាប័ន”។

ជាមួយគ្នានេះ លោក ទេព អស្នារិទ្ធ បានបញ្ជាក់បន្ថែមថា “រីឯយន្តការកម្រិតជាតិ ជាយន្តការធំរួម ក្រោមការដឹកនាំ ដោយគណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ សំដៅលើកកម្ពស់កិច្ចសហការ ក្នុងទម្រង់ជវភាពតួអង្គតែមួយ របស់រាជរដ្ឋាភិបាល ជាមួយក្រសួង ស្ថាប័ន រាជធានី ខេត្ត ទាំងអស់ ដើម្បីសម្របសម្រួល កិច្ចសហប្រតិបត្តិការ ពង្រឹងស្តង់ដារអនុវត្ត លើការងារសាធារណមតិ និងប្រឆាំងព័ត៌មានក្លែងក្លាយ”។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានគូសបញ្ជាក់បន្ថែមថា ដោយឡែក គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ​ របស់ក្រសួងព័ត៌មាន ផ្តោតភារកិច្ចចំបងៗរបស់ខ្លួន លើការតាមដាន ប្រមូល និងចាត់វិធានការ ក្នុងក្របខណ្ឌច្បាប់ ចំពោះរាល់ព័ត៌មានក្លែងក្លាយ គ្រប់ទម្រង់ឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីរួមចំណែកធានាសន្តិសុខជាតិ ស្ថិរភាពនយោបាយ សុខដុមនីយកម្ម សណ្តាប់ធ្នាប់សង្គមក្នុងសង្គម។ តាមរយៈយន្តការនេះ ក្រសួងព័ត៌មានបាន និងបន្តលើកកម្ពស់ ការផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ឲ្យបានកាន់តែទូលំទូលាយថែមទៀត ទាំងក្នុងស្រុក និងដល់ប្រជាជន នៅលើពិភពលោក ដើម្បីរក្សាជំនឿទុកចិត្តរបស់ប្រជាជន ព្រមទាំងដើម្បីទប់ស្កាត់ និងបន្សាបព័ត៌មានក្លែងក្លាយ ដែលបំពុលសង្គម អាចបង្កឱ្យកើតមានចលាចល ប៉ះពាល់ដល់ការរស់នៅដ៏សុខក្សេមក្សាន្ត របស់ប្រជាជនក្នុងសង្គម។

លោក ទេព អស្នារិទ្ធ បន្តថា គណៈកម្មការប្រឆាំងព័ត៌មានក្លែងក្លាយ របស់ក្រសួងព័ត៌មាន នឹងបន្តពង្រឹងកិច្ចសហការ ជាមួយក្រសួងមហាផ្ទៃ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្រសួងយុត្តិធម៌ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ អង្គភាពស្ថាប័នអន្តរជាតិ ក្រុមហ៊ុនបណ្តាញទំនាក់ទំនងសង្គម និងភាគីពាក់ព័ន្ធផ្សេងទៀត ដើម្បីប្រឆាំងព័ត៌មានក្លែងក្លាយ គ្រប់គ្រងសណ្តាប់ធ្នាប់ព័ត៌មាន និងសន្តិសុខព័ត៌មាន៕

To Top