ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានបំពាក់គ្រឿង ឥស្សរិយយស សហមេត្រី ថ្នាក់មហាសេនា ជូនលោកស្រី Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា ។

ការបំពាក់នេះដែរ ដើម្បីជាការថ្លែងអំណរគុណ និង ទទួលស្គាល់ចំពោះការរួមចំណែក ដ៏សកម្មរបស់លោកស្រី ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី រវាងកម្ពុជា និងគុយបា ក្នុងអាណត្តិរបស់លោកស្រី។

នាឱកាសនោះលោក សុខ ចិន្តាសោភា បានសម្តែង សេចក្ដីថ្លែងអំណរគុណ និងបានគូសបញ្ជាក់ អំពីសម្ទុះនៃការរីកចម្រើន ជាលំដាប់នៃទំនាក់ទំនង រវាងប្រទេសទាំងពីរ ព្រមទាំងបានរំលឹកឡើងវិញ នូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ នៃការផ្លាស់ប្តូរទស្សនកិច្ច របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ។

លោកឧបនាយករដ្ឋមន្រ្តី ក៏បានកោតសរសើរផងដែរ ចំពោះទំនាក់ទំនងទ្វេភាគី ដ៏រឹងមាំរវាងកម្ពុជា និងគុយបាលើវិស័យ ផ្សេងៗ រួមទាំង វិស័យកសិកម្ម សុខាភិបាល ពាណិជ្ជកម្ម ការវិនិយោគ និងកីឡា ៕
Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
