ព័ត៌មានជាតិ

សម្ដេច ស ខេង ណែនាំអាជ្ញាធរបង្កើន សកម្មភាពត្រួតពិនិត្យជាតិអាល់កុល សំដៅធានាសុវត្ថិភាពចរាចរណ៍

ភ្នំពេញ ៖ សម្ដេច ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានធ្វើការណែនាំអាជ្ញាធរបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុល សំដៅធានាបានសុវត្ថិភាពចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងធនធាននានាក្នុងសង្គម។

នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីបុណ្យសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានាក្នុងវត្ត កំចាយមារ ស្ថិតនៅភូមិកំចាយមារខាងជើង ឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង នាថ្ងៃទី១៦ កុម្ភៈ សម្តេច ស ខេង បានផ្ដាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវបង្កើនវិធានការអប់រំដើរទន្ទឹមនឹងការរឹតបន្តឹងការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ឲ្យបានរឹងមាំជាប់ជាប្រចាំ។

សម្ដេចមានប្រសាសន៍ថា «ជាពិសេសបង្កើនសកម្មភាពត្រួតពិនិត្យជាតិអាល់កុល ចំពោះការបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងនេះផ្ទាល់តែម្តង សំដៅធានាបានសុវត្ថិភាពចរាចរណ៍ ការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ព្រមទាំងធនធាននានាក្នុងសង្គម។ បន្តជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសនានាក្នុងសង្គមឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត»។

ទន្ទឹមគ្នានេះ សម្ដេចបន្ដថា ត្រូវបង្កើនការអប់រំ នឹងលើកទឹកចិត្តឲ្យមានការចូលរួមគ្រប់សមាសភាព ពិសេសក្នុងស្រទាប់យុវជន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងបញ្ហាគ្រឿងញៀន ខុសច្បាប់ស្របតាមគោលការណ៍ «៣កុំ ១រាយការណ៍» ។ លើកកម្ពស់ការផ្តល់សេវាសាធារណៈ ត្រូវបន្តលើកកម្ពស់ទាំងគុណភាព និងប្រសិទ្ធភាពការផ្តល់សេវាសាធារណៈ តាមរយៈការពង្រឹង និងកែលម្អស្ថាប័នសាធារណៈនៅគ្រប់ថ្នាក់ឲ្យក្លាយជារដ្ឋបាលទំនើប មានសមត្ថភាព ស្អាតស្អំ ជារដ្ឋបាលរបស់ប្រជាជន ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាជន ប្រកបដោយគណនេយ្យភាព, គុណភាព, រហ័ស និងជឿទុកចិត្ត៕

To Top