ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល បានអំពាវនាវឲ្យមានការកែទំរង់ បន្តផ្នែកសេវាកម្ម ជូនអ្នកប្រើប្រាស់អគ្គិសនី ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថ សមរម្យ។ នេះជាការថ្លែងរបស់លោកក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៤ របស់អាជ្ញាធរអគ្គិសនីកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ។
នាឱកាសនោះ លោក កែវ រតនៈ បានរលឹកពីមគ្គុទ្ទេសក៍សម្តេចតេជោ ហ៊ុន សែន ក្នុងការពន្លត់ភ្លើងសង្គ្រាមនិងផ្តល់ការអភិវឌ្ឍអគិ្គសនី ហើយជម្រាបជូនពីផែនការ និងសមិទ្ធផលថ្មីៗ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្តេជ្ញាធានា ការអភិវឌ្ឍវិស័យគន្លឹះនេះ ប្រកបដោយចីរភាពនិងទទួលខុសត្រូវខ្ពស់ សម្រាប់ជាប្រយោជន៍ជាតិខ្មែរ។
លោករដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់ចំពោះវិភាគទាន របស់សេវាករឯកជន អគ្គិសនីកម្ពុជា អាជ្ញាធរអគ្គិសនីកម្ពុជា និងអាជ្ញាធរថ្នាក់ក្រោមជាតិ ចំពោះសមិទ្ធផលបច្ចុប្បន្ន និងអំពាវនាវឲ្យមាន ការកែទំរង់បន្តផ្នែកសេវាកម្ម ជូនអ្នកប្រើប្រាស់ ដោយប្រើបច្ចេកវិទ្យាទំនើប និងឥរិយាបថ សមរម្យ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ទាមទារឲ្យអាជ្ញាធរអគ្គិសនី ដឹកនាំការធ្វើវេទិកាសាធារណៈពីការបម្រើសេវាអគ្គិសនីគ្រប់ខេត្តក្រុង និងសំណូមពរប្រតិបត្តិករអគ្គិសនីជួយប្រើប្រាស់ ឧបករណ៍អគ្គិសនី ផលិតក្នុងស្រុក៕