ភ្នំពេញ ៖ អគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយ សាលាប៊ែលធីអន្តរជាតិ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានរៀបចំវគ្គផ្សព្វផ្សាយ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ក្រោមអធិបតីភាពរបស់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. និងលោក លី ប៊ុនឆៃ អគ្គនាយករង ប៊ែលធី គ្រុប ដោយមានការចូលរួម ពីថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. សាខា ក.ប.ប. និងមន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ លោក អ្នកគ្រូ អ្នកលក់នំចំណីក្នុងសាលា សិស្សានុសិស្សពីបណ្តាសាខាប៊ែលធីទាំង ២៦សាខា ដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤,០០០នាក់ ។

លោក ផាន អូន បានថ្លែងក្នុងពិធីផ្សព្វផ្សាយនេះថា ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ក្នុងការជំរុញការផ្ស្វព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ដែលទំពាំងស្នងឬស្សី សម្រាប់ប្រទេសជាតិ នាពេលខាងមុខ ដែលជាកិច្ចការសំខាន់ និងចាំបាច់បំផុត អគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា និងពិសេសបណ្តាមន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ក្នុងការរៀបចំកម្មវិធីផ្សព្វផ្សាយអំពី «ច្បាប់ស្តី ពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីកិច្ចការពារ អ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាជីវករលក់ម្ហូបអាហារ នៅតាមបណ្តា គ្រឹះស្ថានសិក្សា ទាំងគ្រឹះស្ថានសិក្សាសាធារណៈរបស់រដ្ឋ និងឯកជន ជាច្រើននៅគ្រប់រាជធានី ខេត្ត។

តួយ៉ាង ក្នុងឱកាសព្រឹកនេះ ដោយមានការសំណូមពរ ពីថ្នាក់ដឹកនាំរបស់សាលាប៊ែលធីអន្តរជាតិ ក្នុងរៀបចំកម្មវិធីបង្កើនចំណេះដឹងទូទៅ «ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងបទប្បញ្ញត្តិពាក់ព័ន្ធ» ដល់ លោកគ្រូ អ្នកគ្រូ អ្នកលក់នំចំណីក្នុងសាលា សិស្សានុសិស្ស ដែលបានចូលរួម ដោយផ្ទាល់និងតាមអនឡាញ ចំនួនជិត ៤០០០នាក់ ដើម្បីទទួលបានចំណេះដឹងលើសុវត្ថិភាពម្ហូបអាហារ ក្នុងការជ្រើសរើសម្ហូប អាហារដែលមានគុណភាព និងសុវត្ថិភាព ការស្វែងយល់ពីផលិតផល និងម្ហូបអាហារហាឡាលកម្ពុជា ដែលស្របតាមបញ្ញត្តិសាសនាឥស្លាម និងជាផលិតផលដែលមានគុណភាព ទទួលបានត្រួតពិនិត្យត្រឹមត្រូវពីមន្ត្រីបច្ចេទេស មុននឹងទទួលស្លាកសញ្ញាហាឡាលយកទៅប្រើប្រាស់ ការស្វែងយល់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ និងការទទួលបានការការពារ នៅពេលដែលត្រូវបានគេបំពានសិទ្ធិ និង ចុងក្រោយ គឺការស្វែងយល់ពីកម្មវិធីនៅលើទូរសព្ទដៃ របស់អគ្គនាយកដ្ឋាន ក.ប.ប. «CCF Complaint App» ដែលជាយន្តការសម្រួល ដល់អ្នកប្រើប្រាស់សម្រាប់ធ្វើបណ្តឹងតាមរយៈប្រព័ន្ធឌីជីថល ពីបទល្មើសដែលស្ថិតនៅក្រោមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋានក.ប.ប.។

ជាមួយគ្នានេះដែរ លោក លី ប៊ុនឆៃ អគ្គនាយករងប៊ែលធី គ្រុប និងជាប្រធានគណៈគ្រប់គ្រងនាយកសាខា ប៊ែលធីអន្តរជាតិ ក៏បានបង្ហាញនូវការប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការគោរពអនុវត្តតាមនូវអ្វីដែលច្បាប់បានតម្រូវ ជាពិសេសពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ ដើម្បីធានាបានថាសិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ទទួលបាននូវការការពារ មានសុខភាពល្អ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងកាជំរុញនិងរួមចំណែកកសាងអភិវឌ្ឍន៍ប្រទេសជាតិ មាតុភូមិកម្ពុជាឲ្យកាន់តែរីកចំរើន។

កម្មវិធីផ្សព្វផ្សាយនេះ មានសារៈសំខាន់ណាស់ ដែលមិនត្រឹមតែបណ្តុះនូវពុទ្ធិផ្នែកច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធប៉ុណ្ណោះទេ តែនៅផ្តល់ឱកាសឱ្យធុរជន ដែលជាអ្នកលក់នំចំណីក្នុងសាលា ប្រកបអាជីវកម្មក្នុងវិស័យ ម្ហូបអាហារ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ដែលជាទំពាំងស្នងឬស្សី ដែលជាធនធានមនុស្ស ប្រកបថាមពល សម្រាប់ប្រទេសជាតិ បានយល់ច្បាស់ អំពីលក្ខខណ្ឌតម្រូវ និងកាតព្វកិច្ចរបស់ធុរជន និងសិទ្ធិដែលអ្នកប្រើប្រាស់ត្រូវទទួលបាន សំដៅជំរុញលើកកម្ពស់ សុខុមាលភាព និងផលប្រយោជន៍ សេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ការជ្រើសរើសម្ហូបអាហារនិងផលិតផលហាឡាល ការលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយសមធម៌ កាត់បន្ថយភាពក្រីក្រ និងរួមចំណែកកសាងខឿន សេដ្ឋកិច្ចជាតិឱ្យរីកចម្រើនទៅមុខ ៕



















