នៅព្រឹកថ្ងៃសៅរ៍ ៨កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ផាង វី ប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ដោយសហការជាមួយមន្ទីរធនធានទឹកនិងឧតុនិយមខេត្តព្រៃវែង ចុះពិនិត្យការងារកាយបើកមុខទឹកនៅក្រោយស្ថានីយបូមទឹក នៃប្រព័ន្ធធារាសាស្រ្តទំនប់ការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែកដែលមានទីតាំងលាតសន្ធឹងលើស្រុកកំពង់ត្របែក ស្រុកបាភ្នំ និងស្រុកព្រះសេ្តច ខេត្តព្រៃវែង ។
លោកប្រធាននាយកដ្ឋានមានប្រសាសន៍ឱ្យដឹងថា ស្ថានភាពផ្លូវទឹកនៅក្រោយស្ថានីយបូមទឹក បច្ចុប្បន្ននេះមានដីល្បាប់ភក់កកបណ្តាលមកពីចរន្តទឹកទន្លេហូរចាក់ក្នុងរដូវទឹកដំឡើងជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យទឹកមិនអាចហូរចូលដល់ក្បាលម៉ូទ័របូម និងមិនអាចអន្តរាគមន៍បូមទឹកបាន។
ក្នុងឱកាសនោះដែរ តំណាងសហគមន៍កសិករប្រើប្រាស់ទឹកនៃប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់កំពង់ត្របែកបានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានយកចិត្តទុកដាក់រកមធ្យោបាយ និងជួយដោះស្រាយបញ្ហារបស់ប្រជាកសិករ ព្រមទាំងថ្លែងអំណរគុណដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងក្រុមការងារដែលបានបញ្ជូនអេស្កាវ៉ាទ័រ ដើម្បីជួយកាយស្តារបើកមុខទឹកនៅក្រោយស្ថានីយបូមទឹក ដើម្បីអាចអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រាំងរបស់បងប្អូនប្រជាកសិករដែលកំពុងប្រឈមខ្វះទឹកស្រោចស្រព។
គួរបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រព កំពង់ត្របែក ដែលទទួលប្រភពទឹកពីស្ទឹងកំពង់ត្របែកដែលជាដៃទន្លេមេគង្គក្រោម មានទំនប់សណ្តចំនួន ២ខ្សែ ប្រវែង ៣៦គីឡូម៉ែត្រ ប្រឡាយមេ ១ខ្សែ ប្រវែង ២២គីឡូម៉ែត្រ ប្រឡាយរង ១២ខ្សែ សរុបប្រវែង ៣១គីឡូម៉ែត្រ ស្ថានីយបូមទឹកចំនួន ៥កន្លែង។ ក្រៅពីផ្តល់ទឹកស្រោចស្រពសម្រាប់ការបង្កបង្កើនផលលើផ្ទៃដីស្រូវរដូវវស្សាចំនួន ៩០០០ ហិកតា និងស្រូវប្រាំងចំនួន ៦០០០ ហិកតា ប្រព័ន្ធនេះ ក៏មានតួនាទីកាត់បន្ថយទឹកជំនន់ក្នុងតំបន់ផងដែរ៕