បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន បានបន្តអះអាងនៅថ្ងៃសៅរ៍ថា ការដោះលែងអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រានៅថ្ងៃអាទិត្យនេះ គឺស្របតាមច្បាប់។
យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ សេដ្ឋា ថាវីស៊ីន ថា «ខ្ញុំលឺថា គាត់នឹងត្រូវដោះលែងនៅថ្ងៃទី ១៨ ខែកុម្ភៈ។ ខ្ញុំជឿថា អ្វីៗគឺស្របតាមដំណើរការយុត្តិធម៌ដែលពាក់ព័ន្ធនឹងនាយកដ្ឋានកែប្រែ និងមន្ទីរពេទ្យទូទៅប៉ូលីស»។
លោកបានបន្ថែមថា៖ «អ្វីៗត្រូវបានធ្វើទាំងស្រុងតាមច្បាប់។
លោក សេដ្ឋា ថាវីស៊ីន ដែលជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ផងដែរនោះ បាននិយាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយនៅអាកាសយានដ្ឋានយោធា ដុនមឿង ក្នុងទីក្រុងបាងកក មុនពេលហោះហើរទៅកាន់ខេត្តណាខនផាន់ ដែលជាផ្នែកនៃដំណើរនៅភាគឦសានរយៈពេលបីថ្ងៃរបស់លោក ដែលរួមមានខេត្តសាខុនណាខន និងខេត្តអ៊ូដនថានី ផងដែរ។
នៅពេលសួរដោយអ្នកសារព័ត៌មានថា តើលោកថាក់ស៊ីននឹងត្រូវដោះលែងនៅព្រឹកថ្ងៃអាទិត្យនេះឬអត់នោះ, នាយករដ្ឋមន្ត្រីថៃ លោក ថាវីស៊ីន បាននិយាយថា លោកមិនដឹងពីពេលវេលាពិតប្រាកដដែលអតីតនាយករដ្ឋមន្ត្រីនឹងត្រូវបានដោះលែងឱ្យនៅក្រៅឃុំនោះទេ។
លោកថា “ខ្ញុំមិនដឹងច្បាប់លម្អិតទេ។ ថ្ងៃទី ១៨ ខែកុម្ភៈ ប៉ុន្តែខ្ញុំមិនដឹងព័ត៌មានលម្អិតទេ។ ខ្ញុំជឿថា អ្វីៗនឹងអនុវត្តតាមនីតិវិធីច្បាប់»។
នៅពេលសួរថាតើគាត់នឹងសុំយោបល់ពីលោក ថាក់ស៊ីន ឬអត់នោះ ? លោក សេដ្ឋា ថាវីស៊ីន ថា នឹងធ្វើដូច្នេះជាមួយអតីតនាយករដ្ឋមន្ត្រីគ្រប់រូបលើបញ្ហាដែលពួកគេមានជំនាញ៕
ប្រែសម្រួលៈ ណៃ តុលា