កំពង់ចាម ៖ នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រ បញ្ជាក់ការសិក្សា ជូនសិស្សជ័យលាភី សាលាអន្តរជាតិ អាយឌៀល នាព្រឹកថ្ងៃទី ១៨ ខែកុម្ភៈឆ្នាំ ២០២៤ អភិបាលរងខេត្តកំពង់ចាម លោក ឡោ ចាន់លី បានមានប្រសាសន៍ ដាស់តឿនដល់សិស្សានុសិស្ស ឱ្យខិតខំរៀនសូត្រ យកចំណេះដឹង បម្រើការងារសងគុណ មាតា បិតា និងជួយអភិវឌ្ឍន៍សង្គមជាតិ។
លោកអភិបាលរងខេត្ត បានថ្លែងបន្តថា យើងអាចជួបជុំគ្នាប្រព្រឹត្តកម្មវិធី ដូចថ្ងៃនេះទៅបាន គឺដោយសារកត្តាសង្គមជាតិ យើងមានសេចក្តីសុខ គឺសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍រីកចម្រើន លើគ្រប់វិស័យ មានស្ថេរភាព សន្តិសុខសណ្ដាប់ធ្នាប់សង្គម និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ។
លោកអភិបាលរងខេត្ត បានបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាល បានបើកទូលាយឱ្យវិស័យឯកជន ចូលរួមចំណែកក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស ពោលគឺមានការបើកសាលាឯកជនជាច្រើន ដែលប្រការនេះ អាចធ្វើឲ្យអាណាព្យាបាលរបស់សិស្ស មានជម្រើសច្រើនផងដែរ ក្នុងការបញ្ជូនកូនទៅសិក្សា។
លោកអភិបាលរងខេត្ត បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាលអាណត្តិទី ៧ ក្រោមការដឹកនាំរបស់សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នៅយុទ្ធសាស្ត្រ ស្ដីពីការពង្រឹងធនធានមនុស្ស គឺជាអាទិភាពទី១ ក្នុងចំណោម យុទ្ធសាស្ត្រទាំង ៥ ដែលក្នុងនោះមាន មនុស្ស ផ្លូវ ភ្លើង ទឹក និងបច្ចេកវិទ្យា ។ ហើយកត្តាដែលរដ្ឋាភិបាលបានយកយុទ្ធសាស្ត្រទី១ ជាអាទិភាព គឺក្នុងគោលបំណង ធ្វើឲ្យមនុស្សមានភាពប្រសើរឡើង ទាំងសុខភាព ជីវភាពប្រចាំថ្ងៃ និងការទទួលសេវារហ័ស ។
លោក សួន សុខឡេង ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល សាលារៀនអន្តរជាតិ អាយឌៀល បានយកឱកាសនោះ រំលឹកការដឹងគុណ និងចងចាំមិនភ្លេច ចំពោះគុណូបការៈ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាអគ្គមគ្គទេសក៍ដ៏ឆ្នើម និងជាបិតាស្ថាបនិក សន្តិភាពនៅកម្ពុជា តាមរយៈនយោបាយ ឈ្នះ ឈ្នះ បានដឹកនាំប្រទេសប្រកប ដោយសុខសន្តិភាព រហូតមកដល់បច្ចុប្បន្ន ដែលបានផ្តល់នូវកាលានុវត្តន៍ភាព ក្នុងការរួមចំណែកបណ្ដុះបណ្តាល ធនធានមនុស្ស និងទទួលលទ្ធផលសម្រេចបាននៅពេលនេះ និងពេលអនាគតជាបន្តបន្ទាប់ទៀត ៕