ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងការងារ កាលពីថ្ងៃទី០៨ ខែកុម្ភៈ បានផ្តល់អនុសាសន៍ណែនាំចំនួន១៣ចំណុច ឱ្យក្រសួងការងារអនុវត្ត ឱ្យកាន់តែប្រសើរថែមទៀត ខណៈអនុសាសន៍ណែនាំនានា របស់សម្តេចធិបតីនាពេលកន្លងមក ក្រសួងការងារអនុវត្តបាន ដោយជោគជ័យ។
សម្រាប់អនុសាសន៍ណែនាំចំណុចទី១០ របស់សម្តេចធិបតី ឱ្យក្រសួងការងារ ត្រូវសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំយុទ្ធនាការអប់រំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយនៅទូទាំងប្រទេស សំដៅជំរុញ និងលើកកម្ពស់ការយល់ដឹង ជូនដល់បងប្អូនកម្មករនិយោជិត, អាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងសាធារណជន អំពីវិធានការអប់រំ, បង្ការ និងទប់ស្កាត់អគ្គិភ័យ នៅតាមបណ្តាសហគ្រាស និងគ្រឹះស្ថានធុរកិច្ច ក្នុងវិស័យកម្មន្តសាល និងឧស្សាហកម្មទេសចរណ៍ ។
ជុំវិញអនុសាសន៍ណែនាំនេះ លោកបណ្ឌិតគិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបញ្ជាក់ថា លោកពិតជាកោតសរសើរ និងគាំទ្រទាំងស្រុងចំពោះអនុសាសន៍ណែនាំរ បស់សម្តេចធិបតី ព្រោះបញ្ហាគ្រោះអគ្គិភ័យនេះអាចកើតឡើងជាយថាហេតុ ដែលទាមទារឱ្យមានវិធានការ ការអប់រំ និងបង្ការឱ្យបានច្បាស់លាស់ ។
លោកបណ្ឌិតគិន ភា មានប្រសាសន៍បន្តថា ដើម្បីអនុវត្តឱ្យបានជោគជ័យ ទៅតាមអនុសាសន៍ណែនាំរបស់សម្តេចធិបតី ក្រសួងការងារ ចាំបាច់ត្រូវមានការរៀបចំវិធានការ ច្បាស់លាស់ទាក់ទងនឹងការផ្សព្វផ្សាយអប់រំ ដើម្បីឱ្យមានការយល់ដឹងពីមូលហេតុដែលនាំឱ្យកើតមានគ្រោះអគ្គិភ័យ។ ជាមួយគ្នានេះក៏ត្រូវមានការអប់រំផ្សព្វផ្សាយ ដល់កម្មកនិយោជិតបានយល់ដឹងពីការសង្គ្រោះបឋមនានា នៅពេលមានអគ្គិភ័យកើតឡើងជាដើម។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា រូបនេះ បានបញ្ជាក់បន្ថែមទៀតថា ក្រសួងការងារក៏ត្រូវមានកិច្ចសហការជាមួយម្ចាស់ រោងចក្រសហគ្រាសនៅក្របខណ្ឌទូទាំងប្រទេស ដើម្បីឱ្យមានការរៀបចំច្រកចេញសុវត្ថិភាព បំពង់ពន្លត់អគ្គិភ័យ រួមនឹងការហាត់សម ពីការជម្លៀសខ្លួនចេញពីអគ្គិភ័យជាដើម ។
ទន្ទឹមនឹងនេះក្រសួងការងារ ក៏ត្រូវមានកិច្ចសហការជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធផ្សេងទៀត ដូចជាក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងអាជ្ញាធរមូលដ្ឋាននានា ដើម្បីជំរុញការពន្លត់អគ្គិភ័យ ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ជៀសការបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់កម្មករនិយោជិត និងម្ចាស់រោងចក្រសហគ្រាសនានា ៕