ព័ត៌មានជាតិ

អ្នកជំនាញគាំទ្រ អនុសាសន៍ សម្តេចធិបតី លើការបង្កើនជំនាញ ដល់កម្មករ ព្រោះជាយុទ្ធសាស្ត្រ បង្កើនផលិតភាព ការងារ និងទាក់ទាញការវិនិយោគ

ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត គី សេរីវឌ្ឍន៍ គាំទ្រការណែនាំ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលណែនាំក្រសួងការងារ និង បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្តពង្រឹង កម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ (Reskilling) ដល់កម្មករនិយោជិត ពីព្រោះជាយុទ្ធសាស្ត្របង្កើន ផលិតភាពការងារ និងទាក់ទាញវិនិយោគ លើវិស័យឧស្សាហកម្មនៅកម្ពុជា។

អ្នកជំនាញសេដ្ឋកិច្ចរូបនេះថា៖«វាមានសារៈសំខាន់ណាស់ ក្នុងការបង្កើនផលិតភាពការងារ នៅក្នុងវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែគោលដៅ របស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺបានដាក់គោលនយោបាយរុញច្រាន វិស័យឧស្សាហកម្ម នៅក្នុងស្រុក ក្នុងគោលបំណងបង្កើនតម្លៃបន្ថែម ដូច្នេះហើយមានតែការពង្រឹង កម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ ដល់កម្មករនិយោជិតទេ ដែលអាចឱ្យគោលនយោបាយនេះ ដើរទៅមុខបាន» ។

លោកបន្ថែមថា ក្នុងយន្តការបណ្តុះបណ្តាល វិជ្ជាជីវៈនេះ ការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតគឺជាកិច្ចការមួយ សំខាន់ណាស់ សម្រាប់លើក កម្ពស់សមត្ថភាពជំនាញ ទៅដល់កម្មករនិយោជិត ដែលកំពុងបម្រើការងារ នៅតាមរោងចក្រ សហគ្រាស បើទោះបីពួកគាត់មានជំនាញ និងគ្មានជំនាញក៏ដោយ។

លោកបានសង្កត់ធ្ងន់ថា ប្រសិនបើកម្ពុជាជោគជ័យលើការពង្រឹងកម្មវិធីការបង្កើនជំនាញ(Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិត គោលដៅហើយ នោះកម្លាំងជំនាញនៅកម្ពុជា នឹងមានសញ្ញាណល្អរុញច្រាន វិស័យការងារ នៅកម្ពុជាដើរទៅមុខ ជាពិសេសនោះទាក់ទាញភ្នែកអ្នកវិនិយោគទាំងក្រៅស្រុក និងនៅក្នុងស្រុក លើវិស័យឧស្សាហកម្មធំៗ មកកាន់ ប្រទេសកម្ពុជា ពីព្រោះពួកគេយល់ថា កម្ពុជាមានធនធានមនុស្សរួចជាស្រេច ដែលអាចឆ្លើយតបទៅនិងតម្រូវការការងារ របស់ក្រុមហ៊ុនពួកគេបាន ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបាន ណែនាំឱ្យ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ត្រូវបន្តពង្រឹងកម្មវិធីការបង្កើនជំនាញ (Upskilling) និងការផ្លាស់ប្តូរជំនាញ(Reskilling) ដល់កម្មករនិយោជិតដែលកំពុង បំពេញការងារគ្មានជំនាញ, មិនមានជំនាញគ្រប់គ្រាន់ ឬខុសជំនាញ, អ្នកបាត់បង់ការងារ, និងអ្នករងផលប៉ះពាល់ ពីការប្រែប្រួលនៃបច្ចេកវិទ្យា និងពិភពការងារ ដើម្បីលើកកម្ពស់ផលិតភាពការងារ, ការជំរុញការអនុវត្ត កាតព្វកិច្ចហ្វឹកហ្វឺនកូនជាង និងការផ្តល់ឱកាសចុះកម្មសិក្សា, ទទួលការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពកម្មករនិយោជិត នៅនឹងកន្លែងការងារ, ព្រមទាំងការអនុវត្តកម្មវិធីបណ្តុះបណ្តាល តាមថ្នាលឌីជីថល នៅកន្លែងការងារ, កម្មវិធីបែបចម្រុះ ឬឆ្លាស់ ជាពិសេសការផ្តល់ ឱកាសទទួលបានការសិក្សា ពេញមួយជីវិត, ការធ្វើតេស្តវាយតម្លៃសមត្ថភាពពីមុន និងសមត្ថភាពបច្ចុប្បន្ន, និងការអនុវត្តការទទួលស្គាល់ជំនាញគ្នាទៅវិញទៅមក ក្នុងតំបន់អាស៊ានជាដើម ៕

To Top