ភ្នំពេញ៖បេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីវិជ្ជាសង្គ្រោះបឋមដល់មន្ត្រីបុគ្គលិកប.ស.ស ដើម្បីជួយសង្គ្រោះពលរដ្ឋនិងកម្មករ។
ក្នុងពិធីដែលធ្វើឡើងនៅទីស្នាក់ការបេឡាជាតិសន្តិសុខសង្គម លោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងថា វិជ្ជាសង្គ្រោះបឋម គឺជាមុខវិជ្ជា ដ៏មានសារសំខាន់មួយដែលយើងទាំងអស់គ្នាត្រូវសិក្សា ដើម្បីទុកជាមូលដ្ឋានគ្រឹះ សម្រាប់សង្គ្រោះ បងប្អូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ជាពិសេសកម្មករនិយោជិតដែលរងគ្រោះថ្នាក់ដោយចៃដន្យ។
លោក ហេង សុផានណារិទ្ធ បន្តថា ការសង្គ្រោះបឋមនេះ គឺដើម្បីឱ្យពលរដ្ឋ ឬកម្មករនិយោជិតដែលមានអាការៈខ្យល់គរ ស្ទះដង្ហើម បាក់ឆ្អឹង គ្រោះថ្នាក់ចរាចរណ៍ និងឧប្បទ្ទវហេតុផ្សេងៗទៀត ត្រូវបានសង្គ្រោះតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់ ជៀសវាងការបញ្ជូនជនរងគ្រោះ ទៅសង្គ្រោះមិនបានត្រឹមត្រូវ ជាហេតុធ្វើឱ្យជនរងគ្រោះមានសភាពកាន់តែធ្ងន់ធ្ងរឈានដល់ការបាត់បង់ជីវិត ដោយសារមិនមានអ្នកយល់ដឹងពីរបៀបក្នុងការសង្រ្គោះបឋមមុនពេលគ្រូពេទ្យមកដល់ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ។
គួរបញ្ជាក់ថា នៅឆ្នាំ២០២៣ កន្លងទៅក្រុមគ្រូបង្គោលវិជ្ជាសង្គ្រោះបឋម នៃ ប.ស.ស. បានចុះអប់រំផ្សព្វផ្សាយអំពីវិជ្ជាសង្គ្រោះបឋម ជូនដល់កម្មករនិយោជិត តាមបណ្តារោងចក្រ សហគ្រាសបានចំនួន ៥៨ លើក ដោយមានអ្នកចូលរួមសរុប ៤០៨៤នាក់ ស្រី ២៧៤២នាក់ ផងដែរ៕



