ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយនឹងគណៈប្រតិភូក្រុមហ៊ុនបច្ចេកវិទ្យាHuawei ប្រចាំនៅប្រទេសកម្ពុជាដែលដឹកនាំដោយលោក YAO Yuya នាយកប្រតិបត្តិនៃក្រុមហ៊ុន Huawei Technologies ដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ក្នុងនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយនេះដែលបានបណ្តុះបណ្តាលសិក្ខាកាមកម្ពុជាប្រមាណ១០០០នាក់ជារៀងរាល់ឆ្នាំលើការបណ្តុះបណ្តាលបច្ចេកវិទ្យា និងការផ្តល់អាហាររូបករណ៍ដល់និស្សិតខ្មែរលើការបណ្តុះបណ្តាលជំនាញបច្ចេកទេស។
បើតាមលោករដ្ឋមន្ត្រី ការបណ្តុះបណ្តាលជំនាញផ្នែកបច្ចេកវិទ្យានេះ គឺជាតម្រូវការចាំបាច់ដែលស្របទៅនឹងផែនការយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលដែលផ្អែកលើបច្ចេកវិទ្យាដើម្បីជាផ្នែកមួយជួយជ្រោមជ្រែងកំណើនសេដ្ឋកិច្ចជាតិ។
លោករដ្ឋមន្ត្រីបានពន្យល់ភាគីក្រុមហ៊ុនឱ្យដឹងថា តម្រូវការកម្លាំងក្នុងទីផ្សារនាពេលបច្ចុប្បន្ន ទាមទារឱ្យមានជំនាញបច្ចេកវិទ្យាអមជាមួយនឹងជំនាញវិជ្ជាជីវៈដើម្បីធានាបានការដែលមានកម្រៃខ្ពស់ និងសមរម្យដែលមានប្រៀបក្នុងការប្រកួតប្រជែង។
បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនពិចារណាក្នុងការពង្រីកិច្ចសហការប្រតិបត្តិការដែលមានស្រាប់ឱ្យកាន់តែទូលំទូលាយបន្ថែមដើម្បីផ្តល់ឱកាសដល់ពលរដ្ឋខ្មែរបានសិក្សាពីបច្ចេកវិទ្យា និងក្រេបជញ្ជក់ចំណេះដឹងក្នុងពង្រឹងសមត្ថភាពដើម្បីក្លាយជាកម្លាំងសកម្មក្នុងទីផ្សារការងារដែលកំពុងប្រកួតប្រជែង។
ជាការឆ្លើយតប ភាគីក្រុមហ៊ុន ក៏បានបញ្ជាក់ពីជំហរក្នុងការបន្ត និងពិចារណាលើការពង្រីកកិច្ចសហការជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ៕










