ភ្នំពេញ ៖ ក្នុងឱកាសជួបពិភាក្សាការងារជាមួយលោក អ៊ីមេណេហ្ស៊ីលដូ គូប៉ា ឡូប៉េស ឯកអគ្គរដ្ឋទូតទីម័រខាងកើត ប្រចាំកម្ពុជា នារសៀលទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញបំណងចង់ឱ្យភាគីទាំងពីរបង្កើតអនុស្សរណៈក្នុងវិស័យសន្តិសុខ និងមានការផ្លាស់ប្តូរបទពិសោធន៍រវាងនគរបាល ក្នុងគោលបំណងកសាងធនធាននគរបាល នៃប្រទេសទាំងពីរ។
ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានគូសបញ្ជាក់យ៉ាងដូច្នេះ បន្ទាប់ពីភាគីទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាឧក្រិដ្ឋកម្មឆ្លងដែនមានអង្គការចាត់តាំង ដែលទាំង លោកឧបនាយករដ្ឋមន្ត្រី និង លោកឯកអគ្គរដ្ឋទូតទីម័រខាងកើត បានបង្ហាញគោលជំហរដូចគ្នាថា «ទាមទារចាំបាច់នូវកិច្ចការសហប្រតិបត្តិកាខ្ពស់ដើម្បីប្រឆាំងបញ្ហានេះក្នុងតំបន់»។ ភាគីទាំងពីរ សង្ឃឹមមុតមាំថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះនឹងបន្តរីកចម្រើន ដើម្បីនាំមកនូវផលប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងពីរ។
ក្នុងក្របខ័ណ្ឌនយោបាយ លោកឧបនាយករដ្ឋមន្ត្រី ក៏បានសម្ដែងនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចក្រឡាហោម អតីតឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនចំពោះលោកឯកអគ្គរដ្ឋទូត និងសហការី និងបានថ្លែងអំណរគុណ ឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់វិស័យ ជាពិសេសវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ រវាងកម្ពុជា-ទីម័រខាងកើត។
ក្នុងក្របខ័ណ្ឌអាស៊ានវិញ លោកឧបនាយករដ្ឋមន្ត្រី ក៏បានអបអរសាទរចំពោះប្រទេសទីម័រខាងកើត ដែលត្រូវបានថ្នាក់ដឹកនាំអាស៊ានឯកភាពជាគោលការណ៍ឱ្យប្រទេសទីម័រ ខាងកើតជាសមាជិក ទី១១ របស់អាស៊ាន កាលពីក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ដែលស្ថិតក្នុងអាណត្តិជាប្រធានអាស៊ានរបស់កម្ពុជា ក្នុង ឆ្នាំ២០២២ កន្លងមក៕





