ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅរសៀលថ្ងៃ១៩ កុម្ភៈនេះ បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ខែកុម្ភៈ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។
ក្នុងកិច្ចប្រជុំនោះផងដែរ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ទៅលើការចូលរួមកែលម្អនូវចំណុចខ្វះចន្លោះទាំងឡាយ ដោយមិនត្រូវមើលរំលង ក្នុងដំណើរការប្រតិបត្តិការងារប្រចាំថ្ងៃរបស់ខ្លួន ទាំងការផ្តល់សេវាថែទាំព្យាបាលនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាពជាពិសេស រួមទាំងការផ្តល់សេវាអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំសុខភាពជាផ្ទាំងរូបភាព និងវីដេអូខ្លីៗ ជាដើម។
លោកថា ការខិតខំលើការអប់រំលើកកម្ពស់សុខភាព តាមរយៈការធ្វើការផ្សព្វផ្សាយសារអប់រំ គឺជាឱកាសមួយបន្ថែមទៀតដែលពិតជាចូលរួមផ្តល់ចំណេះដឹងផ្នែកសុខភាពជូនដល់សាធារណជន ដើម្បីកាន់តែងាយស្រួលក្នុងការមើលថែខ្លួនដោយខ្លួនឯង ក៏ដូចជាការចូលរួមសម្រេចចិត្តជាមួយក្រុមគ្រូពេទ្យលើវិធីសាស្ត្រនានាការពារសុខភាព និងក្រុមគ្រួសារ។ ឧទារហណ៍ការបង្ការរោគ ការបង្ការជំងឺឆ្លងផ្សេងៗ និងជំងឺរ៉ាំរ៉ៃមួយចំនួនមានជំងឺទឹកនោមផ្អែម លើសឈាម ជំងឺមហារីកជាដើម។
សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏ស្នើពិនិត្យ និងរៀបចំផែនការឲ្យបានកាន់តែច្បាស់លាស់ និងសុក្រឹតបន្ថែមទៀត សម្រាប់ការអនុវត្តការងារប្រកបដោយប្រសិទ្ធិភាព ដោយឈរលើគោលការណ៍ធានាឲ្យបានធនធានសម្ភារៈ ធនធានមនុស្សសមស្របទៅតាមតម្រូវការ និងកម្រិតសកម្មភាពនៃមន្ទីរពេទ្យ ឬមណ្ឌលសុខភាព។ បន្ថែមពីនោះគឺត្រូវពង្រឹងនូវបញ្ញត្តិនៃទម្រង់ការងារ ទាំងវិស័យសាធារណៈ និងវិស័យឯកជន ព្រមទាំងបន្តង្រីកវិសាលភាពនៃវិស័យបណ្តុះបណ្តាលផ្នែកសុខាភិបាល តាមគ្រប់រូបភាព ពិសេសការផ្លាស់ប្តូរបទពិសោធន៍ជាមួយប្រទេសជិតខាង ក្នុងតំបន់ និងអន្តរជាតិ។
សាស្រ្តាចារ្យរដ្ឋមន្ត្រី ក៏បានកោតសរសើដល់ថ្នាក់ដឹកនាំក្រសួងសុខាភិបាលដែរបានយកចិត្តដាក់ក្នុងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងខិតខំប្រឹងប្រែងពង្រឹងសេវាសុខាភិបាលនៅតាមមូលដ្ឋានជាប់ជាប្រចាំ៕









