ព័ត៌មានជាតិ

នគរបាលចាប់ខ្លួន មនុស្សជាង២០០នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ ទាំងកម្រិតអគ្គស្នងការដ្ឋាន ស្នងការដ្ឋាន អធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាល ទូទាំងប្រទេស បានក្រសោបចាប់ខ្លួន ជនសង្ស័យ ចំនួន២១៥នាក់ ដែលពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ក្នុងរយៈពេលពេញ មួយសប្ដាហ៍កន្លងទៅ ចាប់ពីថ្ងៃទី១២-១៨ កុម្ភៈ ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈបានឲ្យដឹងនៅថ្ងៃ២០ កុម្ភៈថា ជនសង្ស័យទាំងនោះ ត្រូវបានឃាត់ខ្លួនក្នុងករណីគ្រឿងញៀនផ្សេងៗ គ្នាសរុបចំនួន ១២២ករណី ដែលមានការថយចុះធៀប នឹងសប្ដាហ៍កន្លងទៅ។ សប្ដាហ៍កន្លងទៅ នគរបាលចាប់ខ្លួនមនុស្ស២៩៤នាក់ ក្នុងករណីគ្រឿងញៀនសរុប១៣៣ករណី ទូទាំងប្រទេស ។

សូមបញ្ជាក់ថា កាលពីខែមករា នគរបាលជាតិបានបង្ក្រាបករណីគ្រឿងញៀន ចំនួន៥៤៣ករណី ឃាត់ខ្លួនមនុស្ស ១.២៧៨នាក់ ៕

To Top