ភ្នំពេញ ៖ យ៉ាងហោចណាស់ មានអ្នករងរបួសធ្ងន់៤នាក់ និងស្រាល១នាក់ ក្នុងឧបទ្ទវហេតុគ្រោះ ថ្នាក់ចរាចរណ៍រថភ្លើង បុករថយន្ត នៅចំណុចផ្លូវឆ្លង ចូលត្រពាំងសង្កែ ចន្លោះគីឡូម៉ែត្រលេខ១៩១-១៩២ ស្ថិតនៅភូមិក្រពើរោទិ៍ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីម៉ោង១៦ និង២០នាទី ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៤ ។

ប្រភពព័ត៌មានបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេបានឮរថភ្លើងបានបន្លឺសំឡេងស៊ីផ្លេ មុនមកដល់ចំណុច មានយានជំនិះផ្សេងឆ្លងកាត់ ដោយបានបញ្ជាក់ពីការមក ដល់រថភ្លើង ដែលកំពុងសណ្ដោងដឹកប្រេង ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្ត ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-8596 ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ ព្រះសីហនុ 4A-3487 បានបើកឆ្លងផ្លូវពីជើងទៅត្បូង ខណៈនោះ រថភ្លើងបានបុករថយន្ត បណ្តាលឲ្យរថយន្តធ្លាក់ផ្លូវ និងរងរបួសអ្នកធ្វើដំណើរ តាមរថយន្តចំនួន៥នាក់ ។

បច្ចុប្បន្នវត្ថុតាង រថយន្តត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍ រីឯរថភ្លើងនិងអ្នកបើកបរ មានឈ្មោះ ឡោ សាវី ភេទប្រុស អាយុ៥៣ឆ្នាំ អនុញ្ញាតឲ្យបន្តដំណើរទៅមុខបន្ត ដោយទុកលេខទូរសព្ទសម្រាប់ទំនាក់ទំនង ៕
