ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាសារធារណៈពាក់ព័ន្ធ ការបោសសម្អាតគ្រឿងញៀន ក្នុងជួររាជរដ្ឋាភិបាលដោយចេញបទបញ្ជាថ្មីមួយទៀត ឱ្យបណ្ដេញចេញពីក្របខណ្ឌ ចំពោះមន្ត្រីរាជការស៊ីវិល ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលរកឃើញមានជាប់ព័ន្ធពាក់ព័ន្ធ នឹងសារធាតុញៀន ឬប្រើប្រាស់គ្រឿងញៀន។
ការបញ្ជាក់របស់សម្តេចធិបតីខាងលើនេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងផ្សព្វផ្សាយផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។
ក្នុងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា “ខ្ញុំទើបស៊ីញ៉េ បទបញ្ជាមួយ ជាមួយរាជរដ្ឋាភិបាល គឺពន្លាតការអនុវត្តនេះ ទូទាំងរដ្ឋាភិបាលតែម្តង បានន័យថា មន្ត្រីរាជការស៊ីវិល កងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ ទាំងក្រោមជាតិ ឲ្យតែរកឃើញថាមានប្រើប្រាស់គ្រឿងញៀន ឬពាក់ព័ន្ធត្រូវបណ្តេញចេញពីក្របខណ្ឌ អត់ទុកទេ”។
ក្រោយពីសម្តេចមានប្រសាសន៍ មិនបានប៉ុន្មានវិនាទីផង រាជរដ្ឋាភិបាលបានចេញសេចក្តីសម្រេច លើបណ្តាញសង្គមជាសារធារណៈ អំពីបទបញ្ជា ស្តីពី “ការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ”។
ក្នុងបទបញ្ជាថ្មីនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការដាក់ចេញនូវវិធានការដ៏ម៉ឺងម៉ាត់ តាមរយៈបទបញ្ជាដាច់ខាត ដូចខាងក្រោម៖
១, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបង្កើនការត្រួតពិនិត្យជាប្រចាំ ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន លើការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធ នឹងគ្រឿងញៀនខុសច្បាប់។
២, គ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវចាត់វិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយគ្មានការលើកលែង ចំពោះមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យាណា ដែលត្រូវបានរកឃើញថា មានការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ឬមានការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់។
៣, ការអនុវត្តទណ្ឌកម្មខាងវិន័យនេះ ពុំរារាំងដល់ការអនុវត្តទណ្ឌកម្មព្រហ្មទណ្ឌ ដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានឡើយ ។
សូមរំលឹកថា កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នៅក្នុងកម្មវិធីមួយរបស់ក្រសួងបរិស្ថាន សម្តេចធិបតី បានដាក់ចេញនូវគោលការណ៍មួយ គឺសម្អាតផ្ទះពោលគឺបណ្ដេញចេញពីក្របខណ្ឌ ចំពោះកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន។
ក្នុងនោះដែរ សម្តេចធិបតី បានយល់ស្រប នឹងគំនិតផ្តួចផ្តើមរបស់ក្រសួងយុត្តិធម៌ អំពីការផ្សាយជាសារធារណៈ អំពីជនទាំងឡាយដែលជាប់ពាក់ព័ន្ធសារធាតុញៀន និងគ្រឿងញៀនខុសច្បាប់ តាមបណ្តាញសារព័ត៌មាន ដោយសម្តេចមានប្រសាសន៍ថា “ខ្ញុំសូមគាំទ្រ ចំណាត់ការរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក្នុងការផ្សាយព័ត៌មានជាសាធារណៈ អំពីចំណាត់ការលើសំណុំរឿងគ្រឿងញៀន ដើម្បីបង្ហាញពីតម្លាភាព នៃការផ្តន្ទាទោស បទល្មើសគ្រឿងញៀន ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន ខ្ញុំសូមឲ្យបន្តអនុវត្តទិសស្លោក ៣កុំ ១រាយការណ៍ (កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំបន្ធូបន្ថោយ និងត្រូវរាយការណ៍)៕