ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារ និងអង្គការ LABS ជួបប្រជុំគ្នាដើម្បីស្វែងរក កិច្ចសហការលើកកម្ពស់ ស្តង់ដារសុវត្ថិភាពនិងសុខភាពការងារ ឱ្យកាន់តែប្រសើរបន្ថែម

ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យលោក Emerald AM នាយកប្រចាំប្រទេសនៃអង្គការThe Life And Building Safety(LABS)ដែលជាអង្គការជំនាញលើផ្នែកសុវត្ថិភាពសម្រាប់និយោជិតក្នុងរោងចក្រសហគ្រាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ជាបឋមនាយកប្រចាំប្រទេសកម្ពុជានៃអង្គការLABS លោក Emerald AM បានជម្រាបលោករដ្ឋមន្ត្រីអំពីគោលបំណង និងទស្សនវិស័យនៃអង្គការរបស់ខ្លួនដែលជំរុញឱ្យកាន់តែប្រសើរ និងស្តង់ដារនូវប្រព័ន្ធសុវត្ថិភាព ការបណ្តុះបណ្តាលស្តីពីសុវត្ថិភាពដើម្បីកាត់បន្ថយគ្រោះថ្នាក់និងហានិភ័យជាពិសេសគ្រោះថ្នាក់អគ្គិភ័យក្នុងរោងចក្រសហគ្រាស។

ទន្ទឹមនឹងនេះលោករដ្ឋមន្ត្រីក៏បានជម្រាបជូនភ្ញៀវអំពីផែនការសកម្មភាពរបស់ក្រសួងក្នុងអាណត្តិទី៧ដែលបានផ្តល់សារសំខាន់និងយកចិត្តទុកដាក់ជាអាទិភាពលើសុវត្ថិភាពកម្មករនិយោជិតដែលស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដើម្បីធានាពីសុវត្ថិភាពនិងសុខភាពការងារនៅកន្លែងធ្វើការ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបអង្គការLABSអំពីតួនាទី និងភារកិច្ចដាច់ដោយឡែកពីគ្នានៃក្រសួង ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះករណីសុវត្ថិភាពអគ្គិភ័យក្នុងរោងចក្រសហគ្រាសផងដែរ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី បានជំរុញឱ្យអង្គការLABS អាចបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយនឹងនាយកដ្ឋានជំនាញនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពិភាក្សា និងសិក្សាលម្អិតមើលពីលទ្ធភាពនៃកិច្ចសហការក្នុងគោលបំណងជំរុញលក្ខខណ្ឌសុវត្ថិភាព និងសុខភាពការងារដល់និយោជិតក្នុងរោងចក្រសហគ្រាសឱ្យកាន់តែប្រសើរឡើងបន្ថែមទៀតដែលស្របទៅនឹងបំណងរបស់រាជរដ្ឋាភិបាលកម្ពុជាដែលបានគិតគូរសម្រាប់ឧត្តមប្រយោជន៍ទៅដល់កម្មករនិយោជិតគ្រប់ៗរូប៕

To Top