ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងដាក់ចេញយុទ្ធនាការ ផ្ទៃទឹកស្អាតនៅថ្ងៃទី១ ខែមីនា ខាងមុខនេះ ដោយចាប់ផ្តើមពីការ សម្អាតទន្លេសាប ជាអាទិភាពទី១ ព្រោះកន្លងមកទន្លេសាប បានទទួលរង ការបោះសំរាមប្លាស្ទិក ចូលយ៉ាងច្រើន ។ នេះជាការលើកឡើង របស់លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញ ពិនិត្យមើល សកម្មភាពសម្អាតដងន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដោយប្រើម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹក របស់ក្រុមហ៊ុន Everwave នាថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤។
លោករដ្ឋមន្រ្តីបានបន្ថែមថា យុទ្ធនាការសម្អាតលើផ្ទៃទឹកគឺ សម្អាតថង់ប្លាស្ទិកលើផ្ទៃទឹក ទប់ស្កាត់មិនឱ្យ ហូរចូលទន្លេសាប តែម្តង ដែលជាអាទិភាពចម្បង។ ក្រសួងបរិស្ថាន ចង់ឱ្យត្រីដែលជាប្រភពប្រូតេអ៊ីនរបស់ប្រជាជនយើង ដែលអាចចិញ្ចឹមជីវិត បានប្រមាណ៧លាននាក់នៅគង់វង្ស ។
លោកបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងថា យើងមិនចង់ឱ្យមានការបាត់បង់ត្រី ដោយសារការបំពុលដោយសំរាម និងដោយថង់ប្លាស្ទិក ។ នៅពេលថង់ប្លាស្ទិកនៅក្នុងទន្លេសាប នាំឱ្យខូចបរិស្ថាន ពេលវាពុកផុយ ក្លាយជាចំណីត្រី ហើយពេលមនុស្សបរិភោគត្រី នាំឱ្យខូចសុខភាពផងដែរ នោះយើងនឹងខាតបង់ធំ» ។
ដូចនេះជំហានទី១ នៃយុទ្ធនាការផ្ទៃទឹកស្អាត ចាប់ផ្តើមពីការសិក្សាលើប្រព័ន្ធព្រែក អូរ ស្ទឹង ដែលភ្ជាប់នឹងទន្លេសាប និងការរៀបចំរបាំងតាមប្រព័ន្ធទាំងនោះ ទប់ស្កាត់មិនឱ្យ ប្លាស្ទិកហូរចូលទន្លេសាប ។
លោក អ៊ាង សុផល្លែត បានមានប្រសាសន៍ថា យើងត្រូវទប់ស្កាត់ជាមុន កុំឱ្យសំរាមហូរតាមទឹកព្រែក អូរទាំងនោះ ទៅចាក់ចោលក្នុងទន្លេសាប ព្រោះទន្លេសាបមិនមែនជាធុងសំរាម ឬធុងដាក់ថង់ប្លាស្ទិកនោះទេ។ បន្ទាប់មកក្រសួងបរិស្ថាន និងបន្តសហការជាមួយដៃគូ សំអាតទន្លេសាប ដោយស្នើឱ្យជួយបង្កើតម៉ាស៊ីនប្រមូលសំរាមលើផ្ទៃទឹកនៅកម្ពុជា ឱ្យបានច្រើន នោះទន្លេសាបយើងនឹងមានសង្ឃឹមឆ្ពោះទៅភាពស្អាតជាទីមនោរម្យ ទាក់ទាញទេសចរផង និងរក្សាបានប្រភពធនធានធម្មជាតិល្អ តទៅកូនចៅជំនាន់ក្រោយទៀត៕