ព័ត៌មានជាតិ

លោក នេត្រ ភក្ត្រា អនុញ្ញាតឲ្យប្រធានមូលនិធិ គីណាល់ ចូលជួបសម្តែងការគួសម ដើម្បីពិភាក្សាការងារ និងជូនអំណោយសប្បុរសធម៌

រូបថត៖ ខឹម សុវណ្ណារ៉ា ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP

ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយកសហគ្រាសផលិត ឱសថប៉េប៉េអឹម និងក្រុមការងារ ចូលជួបសម្តែងការគួសម និងជូនអំណោយសប្បុរសធម៌ រួមមានថ្នាំប្រភេទសេរ៉ូ (ក្អកស្ងួត) , ក្រែមសម្រាប់លាបបំបាត់មុន, វីតាមីនចម្រុះ (គ្រាប់), ប្រភេទសេរ៉ូ (ក្ដៅខ្លួន – រលាកបំពង់ក), ថ្នាំគ្រាប់ ជួយឲ្យញ៉ាំបាយបាន, មួយប្រអប់ មានបួនមុខ: ថ្នាំក្អក-ផ្កាសាយ- ក្តៅខ្លួន និងរាក ជូនក្រសួងព័ត៌មាន នៅទីស្ដីការក្រសួង រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានថ្លែង អំណរគុណ ចំពោះលោកឧកញ៉ាឱសថបណ្ឌិត ហៃ លីអ៊ាង ប្រធានមូលនិធិគីណាល់ និងជាប្រធានអគ្គនាយក សហគ្រាសផលិតឱសថប៉េប៉េអឹម ដែលបានផ្តល់អំណោយ ជាឱសថដើម្បីចែកជូន ដល់បងប្អូនមន្ត្រី នៃក្រសួងព័ត៌មាន និងមួយចំណែក សម្រាប់ចែកជូនបងប្អូន ប្រជាពលរដ្ឋនៅតាមទីជនបទ ក្នុងមូលដ្ឋានខេត្តក្រចេះ។ នេះបើយោងតាមការចុះផ្សាយ របស់គេហទំព័រក្រសួងព័ត៌មាន ។ 

សូមបញ្ជាក់ថា លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានត្រូវបានរាជរដ្ឋាភិបាល ចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ៕

To Top