ភ្នំពេញ៖ ពលករខ្មែរ ដែលកំពុងរស់នៅនិងបម្រើការងារនៅប្រទេសថៃប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាលថ្នាក់ក្រោមជាតិនៅទូទាំងប្រទេស។
កញ្ញា សួន ស្រីនិច្ច ជាពលករខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃថ្លែងថា៖«ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹងចំពោះការដាក់ចេញវិធានការម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ តាមរយៈការធ្វើតេស្តរកសារជាតិញៀនទៅលើមន្រ្តីរាជការគ្រប់ស្ថាប័ន និងបណ្តេញមន្រ្តីចេញពីក្របខណ្ឌប្រសិនបើរកឃើញថាមានសារជាតិញៀន»។
អ្នកស្រី ឡូន ស្រី ជាពលករខ្មែរកំពុងធ្វើការនៅខេត្តប៉ះធុមថានី ប្រទេសថៃក៏បានលើកឡើងដែរថា៖«ក្នុងនាមជាកូនខ្មែរមួយរូបសូមប្រកាសគាំទ្រយ៉ាងពេញទំហឹងនូវចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រីនៃ ក្នុងការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន និងធ្វើតេស្តរកសារធាតុញៀនជាប្រចាំចំពោះមន្រ្តី នៅតាមក្រសួង ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ»។
ពលករខ្មែរដែលធ្វើការនៅថៃបានគូសបញ្ជាក់ថា ការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការ ប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ នៅតាម ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិរបស់សម្តេចនាយករដ្ឋមន្រ្តីនេះគឺដើម្បីធានាធ្វើយ៉ាងណាលុបបំបាត់បញ្ហាគ្រឿងញៀននៅកម្ពុជាប្រកបដោយប្រសិទ្ធភាព និងដើម្បីធានាអភិបាលកិច្ចល្អ ប្រសិទ្ធភាពការងារនៅតាមស្ថាប័នក្រសួងនៅកម្ពុជា។
គូសបញ្ជាក់ផងដែរថាកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានចេញបញ្ជាតម្រូវឱ្យគ្រប់ក្រសួង ស្ថាប័ន និង រដ្ឋបាល ថ្នាក់ក្រោមជាតិ ត្រួតពិនិត្យជាប្រចាំចំពោះមន្រ្ដីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងយោធិន ព្រមទាំងមន្ត្រីជាប់កិច្ចសន្យា ដែលស្ថិតក្រោមឱវាទរបស់ខ្លួន និងមានវិធានការបញ្ចប់មុខតំណែង និងបណ្តេញចេញពីក្របខណ្ឌ ករណីរកឃើញថា បានប្រើប្រាស់ និងការពាក់ព័ន្ធនឹងគ្រឿងញៀនខុសច្បាប់៕