ភ្នំពេញ ៖ ការិយាល័យអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឲ្យដឹងថា ពុំមានការចាប់ខ្លួនពលករខ្មែរ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍នៅខេត្តចន្ទបុរី ប្រទេសថៃ កាលពីថ្ងៃ១៨ កុម្ភៈនោះទេ ។
ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍ភ្លាមៗ មានការផ្សព្វផ្សាយពីសារព័ត៌មានបរទេសផ្សាយជាខេមរភាសាថា ពលករខ្មែរបានរត់គេចខ្លួនចេញពីគ្រោះថ្នាក់ចរាចរណ៍នេះ មិនហ៊ាននៅបង្អែងបង្អង់យូរ ដើម្បីបានទទួលការព្យាបាលនោះទេ ដោយសារខ្លាចអាជ្ញាធរថៃចាប់ខ្លួនពួកគេ ព្រោះពួកគេជាពលករខុសច្បាប់ ។
តាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា កាលពីព្រឹកថ្ងៃ២០ កុម្ភៈ មន្រ្ដីស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវ បានចុះទៅដល់កន្លែងកើតហេតុ និងបានជួបធ្វើការងារជាមួយសមត្ថកិច្ចរបស់ថៃនៃប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាម ខេត្តចន្ទបុរី ហើយបានទទួលព័ត៌មានលម្អិតថា នៅថ្ងៃកើតហេតុរថយន្តឈ្នួល VAN បានដឹកពលករខ្មែរពីទីក្រុងបាងកកទៅព្រំដែនថៃ-កម្ពុជា ដើម្បីវិលត្រឡប់ទៅកម្ពុជាវិញ។ នៅពេលធ្វើដំណើរដល់ចំណុចភូមិឡាក់ហិន ឃុំប៉ាតាវី ស្រុកម៉ាក់ខាម ខេត្តចន្ទបុរី រថយន្តបានរេចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឲ្យក្រឡាប់។
គ្រោះថ្នាក់ចរាចរណ៍នេះ បានបណ្តាលឲ្យពលករខ្មែរចំនួន៣រូបដែលនៅលើរថយន្តនេះ រងរបួសបន្តិចបន្តួច។ ក្រោយពីមានការសង្រ្គោះបឋម និងធ្វើកំណត់ហេតុនៅប៉ុស្តិ៍នគរបាលស្រុកម៉ាក់ខាមរួចរាល់ហើយ ពលករខ្មែរទាំងបីនាក់ត្រូវបានផ្ទេរទៅកាន់រថយន្តមួយទៀត ហើយបន្តដំណើរទៅកាន់គោលដៅរបស់ខ្លួន ក្នុងថ្ងៃដដែល។ សមត្ថកិច្ចបានបញ្ជាក់ថា “ពុំមានការចាប់ឃាត់ខ្លួន និងអ្នករងរបួសធ្ងន់ដែលត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យឡើយ”៕