បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro បាននិយាយថា អ៊ីស្រាអែលសម័យទំនើប ទទួលបានការលើកទឹកចិត្តដូចគ្នា ការផ្តល់មូលនិធិដូចគ្នា និងការគាំទ្រដូចគ្នា នៃក្រុមលោកខាងលិចដូចជាពួក Nazi Germany របស់ Adolf Hitler នៅមុនសង្រ្គាមលោកលើកទីពីរ។
លោកប្រធានាធិបតីបានធ្វើការកត់សម្គាល់ នៅក្នុងកម្មវិធីទូរទស្សន៍ផ្ទាល់ខ្លួនរបស់គាត់ With Maduro Plus ដោយគាំទ្រការវាយតម្លៃស្ថានភាព នៅមជ្ឈិមបូព៌ាដែលផ្តល់ដោយសមភាគីប្រេស៊ីល Lula da Silva នាពេលថ្មីៗនេះ។
លោកបន្តថា៖ ឈ្មោះគ្រួសារដ៏មានឥទ្ធិពល នៅក្នុងសហរដ្ឋអាមេរិក អឺរ៉ុប និងទីក្រុងឡុងដ៍បានគាំទ្រ និងអបអរសាទរការមកដល់ របស់ហ៊ីត្លែរឡើងកាន់អំណាចនៅឆ្នាំ១៩៣៣ ដោយពួកគេបានលើកទឹកចិត្តគាត់ និងអនុញ្ញាតឱ្យគាត់ធ្វើទុក្ខបុកម្នេញ ដូនតាជនជាតិជ្វីហ្វរបស់ខ្ញុំ។
ប្រធានាធិបតីរូបនេះក៏បានប្រកាស ជាសាធារណៈនូវពូជពង្សជនជាតិជ្វីហ្វ របស់គាត់នៅដើមទសវត្សរ៍ឆ្នាំ២០១០ ដោយបង្ហាញពីជីដូនជីតារបស់គាត់ ជាជនជាតិជ្វីហ្វដែលបានប្តូរទៅកាន់សាសនាកាតូលិក។
អ៊ីស្រាអែលសម័យទំនើប បានប្រែក្លាយទៅជារឿងដដែលនេះ លោកប្រធានាធិបតីបានអះអាង ដោយជំរុញឱ្យប្រជាជនជ្វីហ្វដែល នៅតែស្មោះត្រង់ចំពោះឫសគល់របស់ពួកគេ ដើម្បីបញ្ចប់ ការសម្លាប់រង្គាល ដែលកំពុងបន្តទៅលើជនប៉ាឡេស្ទីន៕
ប្រែសម្រួល៖ ស៊ុន លី