ភ្នំពេញ៖ លោក សាន សាង អតីតអ្នកតំណាងរាស្ត្រមណ្ឌលតាកែវ និងជាសមាជិកកម្មាធិការនាយក នៃអតីតគណបក្សសង្គ្រោះជាតិ អតីតអនុប្រធាន គណបក្សសមរង្ស៊ីខេត្តតាកែវ និងជាអតីតប្រធានមិត្តសមាគមខ្មែរកម្ពុជាក្រោម ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០៤ បច្ចុប្បន្នជាអនុប្រធាន សមាគមខ្មែរកម្ពុជាក្រោម សម្រេចចូលរួមរស់ជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា តាមរយៈលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ។
យោងតាមការលើកឡើងរបស់លោក សាន សាង ក្រោយជួបជាមួយ លោក ឃួង ស្រេង នៅមន្ទីរគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នាថ្ងៃទី២១ កុម្ភៈនេះ បានឲ្យដឹងថា គណបក្សប្រជាជនកម្ពុជា មានគោលនយោបាយច្បាស់លាស់ មានចក្ខុវិស័យវែងឆ្ងាយ មានការអភិវឌ្ឍពិតប្រាកដ ជាមួយនិងការបម្រើសង្គ្រោះ ប្រជាពលរដ្ឋ ។
លោកបន្តថា ម្យ៉ាងទៀតដោយមើលឃើញ ពីការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអតីតគណបក្សប្រឆាំង និងមានការមើលថែពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងការយកចិត្តទុកដាក់ខ្លាំងពីសម្ដេចធិបតី ហ៊ុន ម៉ាណែត មកលើមន្រ្តីអតីតគណបក្សសង្គ្រោះជាតិ ឲ្យមករួមរស់ជាមហាគ្រួសារខ្មែរតែមួយ គ្មានការរើសអើង ទើបរូបលោកសម្រេចចិត្ត ប្ដូរនិន្នាការនយោបាយ ចូលមករួមរស់ជីវភាពនយោបាយ ជាមួយ គណបក្សប្រជាជនកម្ពុជា ។
លោកថា សម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណី សម្រាប់អតីតគណបក្សប្រឆាំង។ ជាក់ស្ដែងនៅពេលនេះ ខណៈលោកជួបជាមួយ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោកពិតជាមានការស្វាគមន៍យ៉ាងខ្លាំង ក្នុងនាមជាគ្រួសារខ្មែរតែមួយ គ្មានការរើសអើងនោះទេ។
លោកអះអាងថា សម្ដេចតេជោ ហ៊ុន សែន មានបេះដូងល្អ មានមេត្តាធម៌ ជាមួយអតីតគណបក្សប្រឆាំង ក្នុងគោលបំណងបង្រួបបង្រួមជាតិ ឲ្យរស់នៅដោយភាពសុខដុមរមនា ជាមហាគ្រួសារខ្មែរតែមួយ ក្រោមម្លប់សន្តិភាព។
លោកប្តេជ្ញាចិត្តចូលរួមអភិវឌ្ឍន៍ប្រទេស ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រទេសជាតិកម្ពុជាឈានដល់គោលដៅ ជាប្រទេសប្រទេសជឿនលឿន មានចំណូលខ្ពស់ ឆ្នាំ២០៣០-២០៥០ ។
លោកសាន សាង ក៏បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិធានការដ៏ម៉ឺងម៉ាត់ និងមុតស្រួចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន តាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ បើរកឃើញមានមន្ត្រីណាមានសារធាតុញៀន ក្នុងខ្លួននឹងត្រូវបណ្តេញចេញពីក្របខណ្ឌ ដោយគ្មានការលើកលែង។
លោកក៏បានធ្វើការអំពាវនាវ ទៅដល់បងប្អូនមួយចំនួន ដែលបាននិងកំពុងដើរតាមការ អូសទាញរបស់ទណ្ឌិតសមរង្ស៊ី សុំចូលមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដោយសម្ដេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ពិតជាមានការសន្ដោសប្រណីណាស់ សម្រាប់អតីតគណបក្សប្រឆាំង៕