ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានប្រកាសពីករណីជំងឺផ្តាសាយបក្សីលើក្មេងស្រីអាយុ ១៧ឆ្នាំ នៅស្រុកឈូក ខេត្តកំពត។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានឲ្យដឹងថា មានអ្នកជំងឺផ្តាសាយបក្សី ចំនួន ១ករណីទៀត កើតលើក្មេងស្រីអាយុ១៧ឆ្នាំ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុស ផ្តាសាយបក្សី ប្រភេទហាស់៥ អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានទីលំនៅក្នុងភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ក្មេងស្រីនេះ មានគ្រុនក្តៅ ក្អក ហត់ និងពិបាកដកដង្ហើម។ បច្ចុប្បន្នស្ថានភាពអ្នកជំងឺបានធូរស្រាល និងកំពុងទទួលបានការថែទាំយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។ តាមការសាកសួរបង្ហាញថា ប្រហែល៥ថ្ងៃ មុន ចាប់ផ្ដើមឈឺ នៅផ្ទះអ្នកជំងឺ មានមាន់ងាប់ចំនួន៧ក្បាល។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងសហការជាមួយក្រុមការងារនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ធ្វើការអង្កេតស្រាវជ្រាវយ៉ាងសកម្មលើការកើតឡើងនូវជំងឺផ្តាសាយបក្សី និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារបច្ចេកទេសបន្តការស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្ត ស្វែងរកករណីសង្ស័យនិងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នកដទៃទៀតក្នុងសហគមន៍ ព្រមទាំង ចែកជូនឱសថតាមីហ្គូ (Tamiflu) ដល់អ្នកប៉ះពាល់ជិតស្និទ្ធ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋ នៅក្នុងភូមិដែលកើតហេតុខាងលើ។
ក្រសួងសុខាភិបាល បានក្រើនរំលឹកសារជាថ្មីម្តងទៀត ដល់ពលរដ្ឋឲ្យយកចិត្តទុកដាក់ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាម កំហែងដល់សុខភាព៕