ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន ចុះត្រួតពិនិត្យការដ្ឋាន ស្ថាបនាផ្លួវក្រាលកៅស៊ូពីរជាន់ នៅស្រុកស្រែអំបិល ខេត្តកោះកុង, ជាលទ្ធផលការងារសាងសង់ សម្រេចបានជាង ៤៥% និងគ្រោងបញ្ចប់នៅចុងខែមិថុនា ខាងមុខ

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទDBST មួយខ្សែ តភ្ជាប់ពីភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង។

បើតាមក្រសួងអភិឌ្ឍន៍ជនបទ បានឱ្យដឹងថា ផ្លូវនេះមានប្រវែងប្រមាណ២០គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៨ម៉ែត្រ ក្រាលកៅស៊ូ ប្រវែង ៦ម៉ែត្រ និងមានចញ្ចើមផ្លូវសងខាងប្រវែង ១ម៉ែត្រ មានសំណង់ស្ពានចំនួន៣កន្លែង លូប្រអប់ចំនួន ៥កន្លែង លូមូលចំនួន២០កន្លែង តភ្ជាប់ពីភូមិបឹងព្រាវ ឃុំបឹងព្រាវ ទៅភូមិនេសាទ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ជាលទ្ធផលការងារសាងសង់ សម្រេចបាន ៤៥,៥១% ហើយ គ្រោងនឹងបញ្ចប់១០០% នៅចុងខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ។

សូមជម្រាបជូនផងដែរថា គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទនេះ ជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយប្រើប្រាស់ថវិកា បដិភាគរបស់រាជរដ្ឋាភិបាល និងហិរញ្ញប្បទានសហប្រតិបត្តិការ ពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលអនុវត្តក្នុងខេត្តគោលដៅចំនួន៥ គឺរួមមានខេត្តប៉ៃលិន កំពង់ឆ្នាំង ព្រៃវែង ត្បូងឃ្មុំ និងខេត្តកោះកុង៕

To Top