ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “អគារតេជោសែន” និង “បិទសន្និបាតបូកសរុប លទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ។

វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ឧ.វ.ប.ន.) ត្រូវបាននចាត់ទុក ជាកម្លាំងចលករមួយ ជំរុញដល់កំណើនសេដ្ឋកិច្ច និងបានដើរតួនាតីយ៉ាងសំខាន់ នៅក្នុងការបង្កើតការងារ បង្កើតតម្លៃបន្ថែម បង្កើតប្រាក់ចំណូល ជូនប្រជាជនកម្ពុជា ។ វិស័យនេះ កំពុងអភិវឌ្ឍន៍ឈានទៅមុខ ប្រកបដោយនិរន្តរភាព មានក្ខណៈចម្រុះសម្បូរបែប មានការទទួលខុសត្រូវខាងបរិស្ថាន និងសង្គមខ្ពស់ ហើយពង្រីកអន្តរកម្មសេដ្ឋកិច្ច រវាងផ្នែកែច្នៃកម្មន្តសាល ជាមួយវិស័យកសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដើម្បីជំរុញសមាហរណកម្មសេដ្ឋកិច្ច ខ្សែច្រវាក់តម្លៃ និងភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់និងពិភពលោក ។ ជាក់ស្តែង ស្ទើរគ្រប់មុំ នៃយុទ្ធសាស្ត្របញ្ញកោណដំណាក់កាលទី១ បានរំលេចតួនាទីរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលរួមមាន៖ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស ការលើកកម្ពស់ ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាព នៃវិស័យទឹកស្អាត វិស័យឌីជីថល និងការលើកស្ទូយ សហគ្រាសធុនមីក្រូ តូច និងមធ្យម, ធុរកិច្ចថ្មី, សហគ្រិនភាព និងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ល។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការ អភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ដែលយុទ្ធសាស្ត្រនេះ ត្រូវបានរាជរដ្ឋាភិបាល ប្រគល់ភារកិច្ច ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឲ្យបំពេញតួនាទីជា ស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល ជំរុញ តាមដាន និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្រផងដែរ៕
