ព័ត៌មានជាតិ

សម្តេចធិបតី៖ ធ្វើជានាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័នក្រោមឱវាទ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?

ភ្នំពេញ៖ បន្ទាប់ពីមានការលើកឡើងនូវ គំនិតអវិជ្ជមានចំពោះសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗកន្លងទៅ ជុំវិញសកម្មភាពការចង្អុលបង្ហាញ តម្រង់ទិសដល់ក្រសួងស្ថាប័នរបស់រាជរដ្ឋាភិបាលថា សម្តេចលូកដៃលើការងារអ្នកដទៃនោះ ត្រូវបានសម្តេចប្រាប់វិញថា បើធ្វើនាយករដ្ឋមន្ត្រី មិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទ ឲ្យដាក់ទិសដៅការងារនោះ តើឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?។

ក្នុងពិធីប្រកាសជ័យលាភី អង្គភាពផ្ដល់សេវាសាធារណៈគំរូ ក្នុងវិស័យអប់រំនិងសុខាភិបាល ឆ្នាំ២០២៣ នាថ្ងៃ២២ កុម្ភៈ សម្តេចធិបតីមានប្រសាសន៍ថា “អ្នកខ្លះថា ឃើញតែលោក ហ៊ុន ម៉ាណែត ដើរគ្រប់កន្លែង ដើរទៅធ្វើការជំនួសគេគ្រប់កន្លែង ថ្ងៃមុនគ្រាន់តែទៅក្រសួងព័ត៌មាន ណែនាំក្រសួងព័ត៌មាន រឿងសារព័ត៌មាន រឿងអីសោះ ការផ្សព្វផ្សាយសោះ គេថា ខ្ញុំទៅលូកដៃការងាររបស់ក្រសួងព័ត៌មាន ។ ធ្វើនាយករដ្ឋមន្ត្រី បើមិនមានសិទ្ធិណែនាំ ក្រសួងស្ថាប័ន ក្រោមឱវាទឲ្យដាក់ទិសដៅ ការងារនោះ ឲ្យធ្វើនាយករដ្ឋមន្ត្រីធ្វើអ្វី?” ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីបានពន្យល់បន្ថែមថា “ភារៈកិច្ចជាប្រធានស្ថាប័ន ខ្ញុំមិនទៅធ្វើការជំនួស ឯកឧត្តម ហង់ ជួនណារ៉ុនទេ នៅក្នុងការអ នុវត្តគោលនយោបាយតែប៉ុណ្ណឹង ប៉ុន្តែខ្ញុំមានសិទ្ធិក្នុងការណែនាំតម្រង់ទិស ដែលជាគោលនយោបាយរបស់យើង ។ ខ្ញុំមានសិទ្ធិផ្តល់គោលគំនិត ម្សិលមិញខ្ញុំទៅក្រសួងឧស្សាហកម្ម ប្រាប់ថា គួរតែផ្តោតទិសដៅ គោលនយោបាយផ្សេងទៀតត្រូវអនុវត្ត ត្រូវតែផ្តោតទិសដៅទៅលើការជួយពង្រឹង SME ជាមួយនឹងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាហ្នឹងខ្ញុំដាក់ទិសដៅ តែរដ្ឋមន្ត្រីគឺជាសេនាធិការ ដែលដឹកនាំអនុវត្តការងារជំនាញ ខ្ញុំមិនទៅធ្វើការងារជំនួសគាត់ទេ”។

ការបង្ហើបវាចាឆ្លើយតបរបស់សម្តេចធិបតីនាឱកាសនេះ បើទោះបីសម្តេចមិនបានបញ្ជាក់ ចំពោះក្រុមជនណាក៏ដោយ តែអាចជាការឆ្លើយតប ចំពោះអ្នកវិភាគក្រៅស្រុកមួយចំនួន ដែលតែងតែមើលឃើញកម្ពុជា ក្នុងផ្លូវអវិជ្ជមាន នាពេលកន្លងមក ជាពិសេសជនដែលសម្តេចធិបតី តែងតែរំលឹកថា ទោះបីសម្តេចធ្វើអ្វី ក៏តែងតែខុស ៕​

To Top