ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យ លើសមត្ថភាពដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័ស

ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានលើកឡើងថា ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាព ដឹកនាំរបស់ក្រុមអ្នកបន្តវេន បានរសាត់បាត់យ៉ាងឆាប់រហ័ស ផ្ទុយទៅវិញទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោត មានទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល ។

ការលើកឡើងរបស់អ្នកនាំពាក្យបែបនេះ ធ្វើឡើងស្របពេលដែលនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាខួបគម្រប់៦ខែគត់ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

លោក ប៉ែន បូណា លើកឡើងថា ៦ខែនៃអាណត្តិ៥ឆ្នាំរបស់សម្ដេចធិបតី គឺជារយៈពេលខ្លីណាស់ដែលត្រូវនិយាយ ពីសមិទ្ធផលរបស់រាជរដ្ឋាភិបាល ជាពិសេសសម្រាប់រាជរដ្ឋាភិបាលថ្មី ដែលទើបចាប់ផ្តើមដំណើរការដូចជា រាជរដ្ឋាភិបាលកម្ពុជានាពេលនេះ។

លោកបន្តថា ប៉ុន្តែពេលវេលាមិនមែនជាកត្តា កំណត់ដាច់ខាតសម្រាប់វាស់វែងពីសមិទ្ធផលឡើយ។ ការដាក់ចេញគោលនយោបាយច្បាស់លាស់ ត្រឹមត្រូវ សមត្ថភាពធនធានមនុស្ស និងឆន្ទៈការងារ អាចធ្វើឲ្យសម្រេចលទ្ធផលលើស ពីការរំពឹងទុកធៀបនឹងពេលវេលា។ ជាក់ស្តែង ភាពស្វាហាប់ សកម្មក្លៀវក្លា របស់រាជរដ្ឋាភិបាលសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងរយៈពេល ៦ខែនេះ បានសម្រេចលទ្ធផលហួស ពីការស្មាននិងធ្វើឲ្យមហាជនទូទៅចាប់អារម្មណ៍យ៉ាងខ្លាំង ហើយបានផ្តល់ការទុកចិត្តយ៉ាងឆាប់រហ័ស។

អ្នកនាំពាក្យគូសបញ្ជាក់ថា លក្ខណៈពិសេសរបស់រាជរដ្ឋាភិបាល បន្តវេនគណបក្សប្រជាជនកម្ពុជា គឺមេដឹកនាំវ័យក្មេងតែសមត្ថភាពចាស់ទុំ ក្រុមការងារថ្មីតែមានសាមគ្គីភាពផ្ទៃក្នុងរឹងមាំ ហើយដើរទៅមុខស្រុះគ្នាតាមការចង្អុលបង្ហាញ ប្រកបដោយភាពប្រាកដប្រជារបស់មេដឹកនាំ ផែនការដែលដាក់ចេញត្រូវតែមានលទ្ធផល ប្រើសមត្ថភាពឲ្យអស់សក្តានុពល ដើម្បីចំណេញពេលវេលា។ នេះជាហេតុផលដែលរាជរដ្ឋាភិបាល ប្រើពេលតិចតែសម្រេចបានការងារច្រើន និងអាចចាត់ទុកជាចំណុចខ្លាំង របស់រាជរដ្ឋាភិបាលបន្តវេន។

លោកបន្ថែមថា ទោះយ៉ាងណា ការងារមិនអាចទៅមុខបានលឿន ឡើយប្រសិនបើគ្មានគ្រឹះដ៏រឹងមាំ ដែលក្រាលដោយរៀមច្បងជំនាន់មុន និងគំរូដ៏ល្អដែលអ្នកជំនាន់ ក្រោយបានរៀនសូត្រនិងដើរតាម។

លោក ប៉ែន បូណា សង្កត់ធ្ងន់ថា «ត្រឹមតែ៦ខែប៉ុណ្ណោះ ភាពមន្ទិលសង្ស័យទៅលើសមត្ថភាពដឹកនាំ របស់ក្រុមអ្នកបន្តវេនបាន រសាត់បាត់យ៉ាងឆាប់រហ័ស។ ទាំងរៀមច្បងក្នុងបក្ស ទាំងប្រជាពលរដ្ឋម្ចាស់ឆ្នោតមាន ទំនុកចិត្តពេញលេញចំពោះរាជរដ្ឋាភិបាល។ នេះជាចំណុចគួរឲ្យសាទរ ប្រកបដោយមោទកភាព» ៕

To Top