ព័ត៌មានជាតិ

China Metro Group បង្ហាញឆន្ទៈ និងប្តេជ្ញាវិនិយោគប្រព័ន្ធដឹកជញ្ជូ​នដោយរថភ្លើង ធុនស្រាលនៅកម្ពុជា២កន្លែង

ភ្នំពេញ ៖ ក្រុមហ៊ុន China Metro Group ក្នុងជំនួបជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបានបង្ហាញឆន្ទៈ និងការប្តេជ្ញាចិត្តខ្ពស់លើការវិនិយោគលើប្រព័ន្ធដឹកជញ្ជូនដោយរថភ្លើងធុនស្រាល(LRT)នៅកម្ពុជា។ នេះបើតាមការឲ្យដឹងពីលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃ២២ កុម្ភៈ។

ភាគីក្រុមហ៊ុន China Metro Group បានបង្ហាញវឌ្ឍនភាពការសិក្សាលើគម្រោងអភិវឌ្ឍផ្លូវរថភ្លើងធុនស្រាលចំនួនពីរខ្សែនៅកម្ពុជា ៖
១-គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប-អង្គរ ទៅកាន់ក្រុងសៀមរាប។
២- គម្រោងផ្លូវរថភ្លើងធុនស្រាលតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅ មកកាន់រាជធានីភ្នំពេញ។

រថភ្លើងធុនស្រាល សំដៅលើមធ្យោបាយសម្រាប់ដឹកជញ្ជូនអ្នកដំណើរពីតំបន់មួយទៅតំបន់មួយក្នុងទីក្រុង ក៏ដូចជាអនុតំបន់ជាយៗទីក្រុង។ ដូច្នេះរថភ្លើងធុនស្រាលនេះ មានប្រវែងខ្លី ស្រាល បត់បែនបានលឿន ហើយសម្រាប់តែដឹកអ្នកដំណើរ មិនសម្រាប់ដឹកទំនិញទេ ហើយវាប្រែប្រួលចំនួនទូរទៅតាមចំនួនអ្នកដំណើរ និងភាពចាំបាច់។


សម្រាប់កម្ពុជា ជាទស្សនវិស័យរួមលើការវិនិយោគការសាងសង់ផ្លូវរថភ្លើងធុនស្រាលនេះ គឺដើម្បីបម្រើឲ្យប្រជាពលរដ្ឋក្នុងទីក្រុង ក៏ដូចជាតំបន់ទីប្រជុំជន និងភ្ជាប់ទៅព្រលានយន្តហោះ៕

To Top