ព័ត៌មានជាតិ

លោក វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ពិនិត្យពិភាក្សា សេចក្តីព្រាង អនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល

ភ្នំពេញ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល នាទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពី លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល រួមទាំងសហការី ព្រមទាំងមន្ត្រីជាន់ខ្ពស់ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះ លោក វង្សី វិស្សុត បានលើកឡើងថា សេចក្តីព្រាងអនុក្រឹត្យនេះ បានឆ្លងកាត់ការពិភាក្សាច្រើនលើកច្រើនសារ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងកិច្ចប្រជុំកម្រិតបច្ចេកទេស នៅទីស្តីការគណៈរដ្ឋមន្រ្តីផងដែរ។

លោកថា ដូចនេះ សម្រាប់កិច្ចប្រជុំរបស់យើង នៅថ្ងៃនេះ គឺដើម្បីធ្វើការត្រួតពិនិត្យ និងពិភាក្សាចុងក្រោយ ក៏ដូចជាដើម្បីធ្វើការវះកាត់ លើចំណុចចំនួនសេសសល់ ឱ្យបានដាច់ស្រឡះ ដោយរួមទាំងការរៀបចំ រចនាសម្ព័ន្ធថ្មី ដើម្បីធានាសង្គតិភាព នីត្យានុកូលភាព គុណភាព និងប្រសិទ្ធភាពការងាររបស់រដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល ពិសេសដើម្បីជៀសវាង កុំឱ្យមានការជាន់តួនាទី និងភារកិច្ច ឬសមត្ថកិច្ចក្រសួងស្ថាប័នផ្សេងទៀត ព្រមទាំងដើម្បីបង្កើនគុណភាព និងប្រសិទ្ធភាព នៃការអនុវត្តមុខងារ និងវិធានការផ្សេងៗពាក់ព័ន្ធនឹងការគ្រប់គ្រង វិស័យអាកាសចរស៊ីវិល សម្រាប់ដាក់ជូនគណៈរដ្ឋមន្រ្តីពិនិត្យ និងអនុម័តនាពេលខាងមុខ។

គួរបញ្ជាក់ដែរថា ការរៀបចំសេចក្តីព្រាង អនុក្រឹត្យនេះធ្វើឡើងក្នុងគោលបំណង៖ (ទី១). ដើម្បីស្របទៅនឹងបញ្ញត្តិនៃច្បាប់ស្តីពី ការបង្កើតរដ្ឋលេខាធិការ អាកាសចរណ៍ស៊ីវិល (ទី២).ដើម្បីអនុវត្តស្របតាម កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅជំរុញការអភិវឌ្ឍវិស័យអាកាសចរស៊ីវិល នៅក្នុងព្រះរាជាណាចក្រកម្ពុជាផង និងពង្រឹងការអភិឌ្ឍសមត្ថភាព និងការកែទម្រង់ស្ថាប័នផងដែរ (ទី៣).ដើម្បីដោះស្រាយ នូវចំណុចខ្វះខាត ដែលរកឃើញដោយក្រុមសវនកររបស់អង្គការ ICAO (ទី៤).ដើម្បីកែសម្រួលបំពេញបន្ថែម តួនាទីភារកិច្ច និងរបៀបរបបអនុវត្តការងារ តាមនាយកដ្ឋានបច្ចេកទេស ឱ្យស្របតាមស្តង់ដារជាតិ និងអន្តរជាតិ និង (ទី៥).ដើម្បីរៀបចំប្រមូលផ្តុំរាល់បទប្បញ្ញត្តិទាំងឡាយ ដែលពាក់ព័ន្ធនឹងការបង្កើត ការរៀបចំ និងការប្រព្រឹត្តទៅ នៃអង្គភាពនានាចំណុះរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដាក់ក្នុងអនុក្រឹត្យតែមួយ៕

To Top