ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា, ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៣ កុម្ភៈនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤ របស់គណបក្សប្រជាជនកម្ពុជា នៅខណ្ឌព្រែកព្នៅ ដោយមានសមាជិក សមាជិការគណបក្សប្រជាជនកម្ពុជា ប្រមាណជាង៥០០នាក់ ចូលរួមដង្ហែរ ។
ក្នុងឱកាសបិទយុទ្ធនាការនេះដែរ លោកឃួង ស្រេង លើកឡើងថា ការបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ឆ្នាំ២០២៤របស់គណបក្សប្រជាជនកម្ពុជា នៅរាជធានីភ្នំពេញធ្វើឡើងបន្ទាប់ពីបានជួបជុំគ្នា យ៉ាងអធិកអធម បើកយុទ្ធនាការរួមគ្នាក្រោមអធិបតីសម្ដេចសាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះមូលដ្ឋានរាជធានីភ្នំពេញកាលពីថ្ងៃទី១០ កុម្ភៈ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
លោកបន្តថា ១៤ថ្ងៃកន្លងមកនេះ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា បានដំណើរការទៅដោយរលូន គោរពតាមច្បាប់ បទបញ្ជា នីតិវិធីនិងក្រមសីលធម៌ សម្រាប់ការបោះឆ្នោតជ្រើសរើសសមាជិកសភាបង្កើតបាននូវបរិយាកាស សាមគ្គីជិតស្និត មានការទទួលខុសត្រូវខ្ពស់ និងសុទិដ្ឋិនិយមខ្ពស់ ចំពោះជ័យជំនះដែលគណបក្សប្រជាជនកម្ពុជា នឹងទទួលបានក្នុងការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃអាទិត្យទី២៥ខែកុម្ភៈឆ្នាំ២០២៤ខានស្អែកនេះ។
លោក ឃួង ស្រេងថា គ្រប់ការបោះឆ្នោតទាំងអស់ គណបក្សតែងតែដាក់ចេញ នៅកម្មវិធីនយោបាយ ដ៏ត្រឹមត្រូវនិងស្របតាមសភាពការណ៍ជាក់ស្ដែង របស់ប្រទេសជាតិ។ គណបក្សប្រជាជនកម្ពុជា ជាកម្លាំងស្នូរនៃសាមគ្គីភាព និងឯកភាពផ្ទៃក្នុងជាតិ ទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាព នៅរាល់ទង្វើរបស់ពួកប្រឆាំង ពួកអគតិពួក អមិត្តទាំងនៅក្នុងនិងក្រៅប្រទេស។ ក្នុងនោះគណបក្សប្រជាជនកម្ពុជា បានជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ទាំងនៅទីក្រុង ទីប្រជុំជននិងជនបទ ប្រកបដោយចីរភាពសមធម៌ និងបរិយាប័ណ្ណ៕








