ព័ត៌មានជាតិ

ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ មកបំពេញទស្សនកិច្ច នៅកម្ពុជា

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា ប្រធានគណបក្សភឿថៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៣ កុម្ភៈនេះ បានឲ្យដឹងថា ការផ្លាស់ប្តូរទស្សនកិច្ចជាន់ខ្ពស់រវាងគណបក្សទាំងពីរនេះ គឺក្នុងគោលបំណងផ្លាស់ប្តូរយោបល់លើកិច្ចសហ ប្រតិបត្តិការនៃប្រទេសជាប់ភូមិផងរបងគ្នា ដើម្បីបម្រើផលប្រយោជន៍រួមរបស់ប្រជាជន និងគណបក្សទាំងពីរ ដោយផ្អែកលើចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទរវាងគណបក្សទាំងពីរ។

នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស្រី ផែតុងតាន ស៊ីណាវ៉ាត្រា នឹងជួបពិភាក្សាទ្វេភាគីជាមួយនឹង សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ៕

To Top