ព័ត៌មានជាតិ

ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក មកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីលើកកម្ពស់ និងពង្រីកទំនាក់ទំនងទ្វេភាគី ឲ្យកាន់តែទូលំទូលាយ

ភ្នំពេញ៖ លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នឹងអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសខ្មែរ លោក ជុំ សុន្ទរី បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២៦ កុម្ភៈនេះថា «ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅពីថ្ងៃទី ២៦-២៧ ខែកុម្ភៈ ។ ទស្សនកិច្ចនេះ ជាឱកាសមួយសម្រាប់ភាគីទាំងពីរ ផ្លាស់ប្តូរយោបល់គ្នាលើបញ្ហាតំបន់ និងអន្តរ ជាតិដែលមានផលប្រយោជន៍រួមមួយចំនួន» ។

លោកបន្តថា «ដំណើរទស្សន កិច្ចនេះដែរ នឹងជាឱកាសសម្រាប់ប្រទេសទាំងពីរ លើកកម្ពស់បន្ថែទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែទូលំទូលាយបន្ថែមទៀត» ។

បើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយកាលពីថ្មីៗកន្លងទៅនេះ បានដឹងផងដែរថា លោកឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិក សម្រាប់កិច្ចការតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ពីការប្តេជ្ញារបស់អាមេរិក មកកាន់កម្ពុជា និងពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ពីរ។ លោក Daniel J. Kritenbrink មុនមកកម្ពុជាក៏បានបំពេញទស្សនកិច្ច នៅប្រទេសផ្សេងទៀត ជាសមាជិកអាស៊ាន រួមមាន ៖ សិង្ហបុរី ថៃ វៀតណាម និងព្រុយណេ។ ដំណើរទស្សនកិច្ចនេះ ចាប់ផ្តើមពីថ្ងៃទី២៣ ខែកុម្ភៈ ដល់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ៕

To Top