ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំបណ្ឌិត្យសភា បន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗ បន្ថែមទៀត

កណ្ដាល ៖ លោក ស សុខា ឧបនាយក រដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំបណ្ឌិត្យសភា បន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗ បន្ថែមទៀត ដើម្បីកសាងស្នាដៃ និងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការផលិតចេញ នូវមូលធនមនុស្ស ប្រកបដោយសក្ដានុពល ។

ក្នុងបិទសន្និបាតបូកសរុប លទ្ធផលការងាររយៈពេល ៥ឆ្នាំ (២០១៩-២០២៣) ការប្រកាសឱ្យប្រើផែនការយុទ្ធសាស្ត្រដំណាក់កាលទី៣ (២០២៤-២០២៨) និងការសម្ភោធ ដាក់ឲ្យប្រើប្រាស់ សមិទ្ធផលនានា របស់បណ្ឌិត្យសភានគរបាលកម្ពុជា នាថ្ងៃ២៦ កុម្ភៈ លោកឧបនាយករដ្ឋមន្រ្តី ស សុខា បានវាយតម្លៃខ្ពស់លើសមិទ្ធផល ដែលសម្រេចបាន ព្រមទាំងបានថ្លែងនូវការកោតសរសើរ ចំពោះថ្នាក់ដឹកនាំ សាស្រ្តាចារ្យ គ្រូនគរបាល និងមន្រ្តីទាំងអស់ ដែលបានរួមសាមគ្គីគ្នា យកអស់ពីកម្លាំងកាយចិត្ត ក្នុងការបំពេញភារកិច្ច ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីជំរុញឲ្យបណ្ឌិត្យសភាកាន់តែមានកិត្យានុភាព ឧត្ដមភាព និងការជឿទុកចិត្តទាំងក្នុងក្របខ័ណ្ឌជាតិ និងអន្តរជាតិ ព្រមទាំងមានលក្ខណសម្បត្តិ ស្របតាមស្ដង់ដាគុណភាព ដែលបានកំណត់ ។

លោកឧបនាយករដ្ឋមន្រ្តីបញ្ជាក់ថា ក្រសួងមហាផ្ទៃ នៅតែបន្តយកចិត្តទុកដាក់ខ្ពស់ និង គាំទ្រដល់កម្មវិធីកំណែទម្រង់របស់បណ្ឌិត្យសភានគរបាលកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្សឱ្យបានគ្រប់គ្រាន់ក្នុងជួរកងកម្លាំង នគរបាលជាតិ ឲ្យមានសមត្ថភាពនិងជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីរក្សាសន្តិសុខ សណ្ដាប់ ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរ ជូនជាតិនិងប្រជាពលរដ្ឋ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ។

ក្នុងឱកាសនោះដែរ លោកឧបនាយករដ្ឋមន្រ្តី បានណែនាំបណ្ឌិត្យសភា បន្តអនុវត្តកម្មវិធីកំណែទម្រង់ បង្កើតនូវគំនិតច្នៃប្រឌិត និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីកសាងស្នាដៃនិងឈានទៅសម្រេចបានសមិទ្ធផលថ្មីៗ បន្ថែមទៀត ក្នុងការផលិតចេញនូវមូលធនមនុស្ស ប្រកបដោយសក្ដានុពល ស្របតាមផែនការអភិវឌ្ឍន៍ធនធានមនុស្ស របស់ក្រសួងមហាផ្ទៃ និងតម្រូវការរបស់អង្គភាពប្រើប្រាស់កងកម្លាំង។

នាឱកាសនោះ នាយឧត្ដមសេនីយ៍សាស្ដ្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភា នគរបាលកម្ពុជា បានធ្វើរបាយការណ៍ សង្ខេបអំពីវឌ្ឍនភាព លទ្ធផលនៃអង្គសន្និបាត និងសមិទ្ធផលធំៗជាច្រើន ដែលសម្រេចបាន៨១.៧៤% នៃផែនការក្នុង រយៈពេល៥ឆ្នាំកន្លងទៅ ទោះបីជាជួបវិបត្តិជំងឺកូវីដ-១៩ក៏ដោយ។ លទ្ធផលការងារ ដែលសម្រេចជោគជ័យនេះ គឺដោយសារតែមានការឧបត្ថម្ភគាំទ្រ យ៉ាងមុតមាំពីរាជរដ្ឋាភិបាល ៕

To Top