កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ស្រី សុភ័ក្រ នៅព្រឹកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារ បានចុះពិនិត្យសកម្មភាព កាយថ្មចេញពីទន្លេវិញ របស់លោកទន់ ឆៃអ៊ាង ស្ថិតនៅភូមិព្រៃទទឹង ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

បើតាម លោកស្រី សម ផល្លា ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ចាម បានឲ្យដឹងថា ឆ្លងតាមការចុះពិនិត្យដោយផ្ទាល់របស់អាជ្ញាធរខេត្ត ឃើញថា ក្រុមការងាររបស់លោក ទន់ ឆៃអ៊ាងបច្ចុប្បន្នកាយថ្មចេញពីទន្លេវិញបានប្រមាណជា ១០% ហើយ ដោយប្រើគ្រឿងចក្រ អាអិច ៦ គ្រឿង ប្លុងតុង ២ និងរថយន្ត ២គ្រឿង សម្រាប់កាយថ្មចេញពីទន្លេ ។
លោកស្រីប្រធានមន្ទីរព័ត៌មាន បានឲ្យដឹងទៀតថា ម្ចាស់ដី លោក ទន់ ឆៃអ៊ាង បានអះអាងថា កាលពីឆ្នាំ ២០២១ កន្លងទៅ ច្រាំងទន្លេគឺនៅចំណុច ដែលបានចាក់ថ្មនោះ បានបាក់ស្រុតជាបន្តបន្ទាប់ ហេតុដូច្នោះហើយ ទើបលោកបានចាក់ថ្មដើម្បីទប់កុំឲ្យបាក់ច្រាំងបន្តទៀត ។ ប៉ុន្តែទោះជាយ៉ាងនោះក្តី លោក ទន់ ឆៃអ៊ាង បានទទួលនូវកំហុសនេះ និងសន្យា អនុវត្តទៅតាមវិធានការ របស់រដ្ឋបាលខេត្តកំពង់ចាម យល់ព្រមបញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ និងខិតខំធ្វើការកាយយកថ្ម ដែលបានចាក់រួចហើយនោះចេញវិញឲ្យអស់ មុនពេលកំណត់ ៧០ថ្ងៃ ។

សូមរំលឹកថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខត្តកំពង់ចាម បានចាត់វិធានការ ជាបន្ទាន់ករណី លោក ទន់ ឆៃអ៊ាង បានចាក់ថ្មចូលទន្លេមេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធិ ស្ថិតនៅក្នុងភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដោយអាជ្ញាធរបានហៅលោក ទន់ ឆៃអ៊ាង មកផ្តិតមេដៃ ឲ្យបញ្ឈប់ជាបន្ទាន់ និងកាយថ្មចេញវិញក្នុងរយៈពេល៧០ថ្ងៃ។

ជាមួយគ្នានោះ រដ្ឋបាលខេត្តកំពង់ចាម បានតម្រូវឱ្យភាគីម្ចាស់ដី ដែលកំពុងធ្វើសកម្មភាពចាក់ថ្ម ចូលទន្លេនេះអនុវត្តដូចខាងក្រោម៖
ទី១៖ បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាមួយក៏ដោយ
ទី២៖ ត្រូវធ្វើការកាយ និង យកថ្ម ដែលបានចាក់រួចហើយនេះចេញវិញឲ្យអស់យ៉ាងយូរក្នុងរយៈពេល ៧០ថ្ងៃកំណត់ និងមិនត្រូវកាយពង្រាយ ទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ទៅថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក
ទី៣៖ ភាគីម្ចាស់ដី ត្រូវធ្វើសេចក្តីរាយការណ៍មករដ្ឋបាលខេត្តកំពង់ចាម ក្នុងរយៈពេល០១ខែម្តង (រៀងរាល់ចុងខែនីមួយៗ) ពីវឌ្ឍនភាព នៃការកាយថ្មចេញពីទន្លេ ។ ក្រុមការងាររបស់រដ្ឋបាលខេត្តកំពង់ចាម នឹងចុះធ្វើការពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬពេលវេលាជាក់ស្តែង។
លោក ស្រី សុភ័ក្រ្ត អភិបាលរងខេត្តកំពង់ចាម បានបញ្ជាក់ផងដែរថា នេះគ្រាន់តែជាវិធានការបឋម និងជាបន្ទាន់របស់រដ្ឋបាលខេត្តកំពង់ចាមប៉ុណ្ណោះ ហើយវិធានការតាមផ្លូវច្បាប់នៅតែបន្ត៕
